ប្រមុខការទូតកម្ពុជា ក្នុងឋានៈជាប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមផ្ទាល់ពីប្រតិភូតំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ា តំណាងប្រទេសសមាជិកអស៊ាន និងភាគីពាក់ព័ន្ធ រួមទាំងការចូលរួមតាមរយៈប្រព័ន្ធវីដេអូផងដែរ។

កម្រាលព្រំក្រហមត្រូវបានរៀបចំ ចាប់ពីច្រកទ្វារមុខចំណតរថយន្តរហូតដល់សាលធំដែលមានតុប្រជុំតម្រៀប៤ជ្រុងត្រវែង ក្នុងនោះនៅជ្រុងម្ខាង គឺមានវត្តមាន​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាអង្គុយទន្ទឹមគ្នានឹងឯឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន នៅចំពីមុខក្រុមប្រតិភូប្រទេសមីយ៉ាន់ម៉ា ខណៈតំណាងបណ្ដាប្រទេសសមាជិកអស៊ាន និងតំណាងអង្គការសហប្រជាជាតិ ព្រមទាំងភាគីពាក់ព័ន្ធបានអង្គុយអមសា្លបសងខាងនៃតុប្រជុំ។

ប្រមុខការទូតខ្មែរ និងសហប្រធានដឹកនាំកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញចូលរួមរបស់ភាគីពាក់ព័ន្ធ នឹងបានសម្ដែងក្ដីសង្ឃឹមថាកិច្ចប្រជុំនាថ្ងៃនេះ នឹងអាចសម្រេចបានលទ្ធផលដើម្បីឆ្លើយតបជាវិជ្ជមានសម្រាប់គម្រោងផ្ដល់ជំនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាមួយក្ដីសង្ឃឹមថាជំនួយស្បៀង ជំនួយសម្ភារៈ ឱសថ និងវ៉ាក់សាំងជាដើមនោះ នឹងបានទៅដល់ប្រជជនដោយគ្មានការរើងអើង។

ឯកឧត្តម លីម ចុកហ៊ុយ អគ្គលេខាធិការអាស៊ានវិញ ក៏បានសម្ដែងក្ដីរីករាយដែរដែលគ្រប់ភាគីទាំងអស់បានមកជួបប្រជុំគ្នាក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញនា​ឱកាសនេះ។ ដូចគ្នាដែរ ឯកឧត្តម សង្ឃឹមថាកិច្ចប្រជុំនេះនឹងស្វែងរកបានដំណោះស្រាយមួយសមស្រប។ តំណាងប្រតិភូមីយ៉ាន់ម៉ាក៏សម្ដែងក្ដីរីករាយ និងស្វាគមន៍មតិយោបល់ល្អៗពីបណ្ដាភាគីពាក់ព័ន្ធនានានៅក្នុងកិច្ចប្រជុំនេះផងដែរ។

សូមបញ្ជាក់ថាកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នឹងបន្តធ្វើពេញមួយព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២នេះ។ ប្រមុខការទូតខ្មែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសប្រធានអាស៊ាន និងជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ នឹងធ្វើសន្និសីតកាសែតមួយនៅក្រោយបញ្ចប់កិច្ចប្រជុំនេះ៕

Share.