អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានគូសបញ្ជាក់ពីល័ក្ខខណ្ឌដែលអាចដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាល្លឺម៉ង់)។
នៅក្នុងបទសម្ភាស៍ជាមួយ Stern ប្រចាំសប្ដាហ៍ ដែលមានមូលដ្ឋាននៅទីក្រុង Hamburg លោក Scholz បានប្រកែកថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ស្រមៃចង់បានសន្តិភាពដែលលោកនឹងអាចគ្រប់គ្រងលើមេដឹកនាំអ៊ុយក្រែន ប៉ុន្ដែលោកនឹងត្រូវតែឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនជំនួសវិញ។

លោក Scholz «យើងនឹងអាចមានតែឆន្ទៈដកទណ្ឌកម្មរបស់យើងតាមកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន។ ខ្ញុំមិនគិតថា មនុស្សជាច្រើននៅវិមានក្រឹមឡាំងបានចាប់អារម្មណ៍នៅឡើយទេ។ នេះមានផលវិបាកដ៏អាក្រក់សម្រាប់រុស្ស៊ី»។
គេមិនច្បាស់ទេថា ការលើកឡើងរបស់លោក Scholz ដោយប្រើពាក្យ «យើង» សំដៅលើតែប្រទេសអាល្លឺម៉ង់តែមួយ ឬ រាប់ទាំងប្រទេសដទៃដែលស្ថិតក្នុងសហភាពអឺរ៉ុប រួមទាំងអាមេរិកផងនោះ។ ទោះជាយ៉ាងណាក៏ដោយ លោក Scholz បានទទូចថា នៅក្រោមការដឹកនាំរបស់លោក ប្រទេសអាល្លឺម៉ង់នឹងតែងតែផ្លាស់ប្ដូរតាមសម្ព័ន្ធមិត្តរបស់ខ្លួនជានិច្ច។

លោក Scholz ក៏បាននិយាយផងដែរថា អាល្លឺម៉ង់ និង ដៃគូរបស់ខ្លួនកំពុង «ផ្ដល់ប្រឹក្សា និង គាំទ្រអ៊ុយក្រែនរួមទាំងការទូតផងដែរ» ប៉ុន្ដែមិនអាច នឹងមិនធ្វើការសម្រេចចិត្តសម្រាប់ទីក្រុង Kiev អំពីជោគវាសនារបស់អ៊ុយក្រែននោះទេ។ លោកបានបន្ដថា «នេះគឺអំពីអ៊ុយក្រែន មានតែប្រធានាធិបតីសភា និង ពលរដ្ឋរបស់ពួកគេប៉ុណ្ណោះដែលអាចបញ្ចប់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី»។
លោកបានសរសើរពីការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុង Kiev សម្រាប់អ្វីដែលលោកបានពិពណ៌នាថា អ៊ុយក្រែនអាច «រក្សាការតស៊ូរបស់ខ្លួនចំពោះរុស្ស៊ីបានយូរជាងលោក ពូទីន បានគណនា» ប៉ុន្ដែបានកតសម្គាល់ថា អាល្លឺម៉ង់ និង ប្រទេសផ្សេងទៀតដើរផ្លូវនៃការគាំទ្រអ៊ុយក្រែន ប៉ុន្ដែជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និង រុស្ស៊ី៕

