ភ្នំពេញ ៖ លោកស្រី យិច ឈាងណាវី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២២នេះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មោះ ផាត វុទ្ធី ហៅ ជ្រុយ ភេទប្រុស អាយុ៤២ ឆ្នាំ  ថៅកែរកស៊ីទិញ.លក់រថយន្ត ទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារចំនួន១ឆ្នាំ៦ខែ ពិន័យ២លានរៀលបង់ចូលថវិការដ្ឋក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកត្តព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញ ដូរបាន ករណីប្រើប្រាស់មូលប្បទានបត្រអត់មានសាច់ប្រាក់(សែកស្អុយ)ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ។

ប្រភពពីតុលាការបានឲ្យដឹងថា ថៅកែទិញ.លក់រថយន្តរូបនេះ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ត្រូវបានអ្នកស្រីឈ្មោះ គិត ផល្លី ដាក់ពាក្យប្តឹងនៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធរាជធានីភ្នំពេញ ដោយចោទប្រ កាន់ជនសង្ស័យថា ប្រើប្រាស់សែកស្អុយលើទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក (២១.២១៨០ ដុល្លារ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ ២០២១ នេះ ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ផាត វុទ្ធី បានទៅខ្ចីប្រាក់ពីម្ចាស់បំណុលចំនួន៣លើក សរុបជាទឹកប្រាក់៤៦ម៉ឺន៣៣០០ ដុល្លារ       អាមេរិក ដោយយកទៅទិញរថយន្តចំនួន ១១គ្រឿង ដើម្បីដាក់តាំងលក់បានផលចំណេញ យកប្រាក់ទៅសងដើមបណ្តឹងវិញ ។ ប៉ុន្តែនៅពេលលក់រថយន្តអស់ហើយ ជនសង្ស័យមិនបានបង្វិលប្រាក់ឲ្យទៅដើមចោទគ្រប់ចំនួនទេ គឺនៅខ្វះជាង២០ម៉ឺនដុល្លារអាមេរិកទៀត ហើយជនស ង្ស័យបានប្រើប្រាស់ មូលប្បទានបត្រ២សន្លឹកឲ្យទៅដើមបណ្តឹងដែលសុទ្ធតែជាសែកស្អុយ មិនមានទឹកប្រាក់តម្កល់ក្នុងធនាគារ ថែមទាំងគេចវេសនឹងបំណុលនោះ ទើបត្រូវគេប្តឹង ។

នៅដំណាក់ កាលស៊ើបសួរ ថៅកែទិញ.លក់រថយន្ត ដែលរងនូវបណ្តឹងព្រហ្ម ទណ្ឌនេះ បានទទួលស្គាល់ការពិតថាយ៉ាងដូច្នោះមែន តែលុយនោះខ្លួនបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ និងតាមដំណាក់កាលដែរ មិនមានគំនិតទុច្ចរិតមិនសងទេ គ្រាន់តែពេលវេលានេះមានគេទិញរថយន្ត នៅជំពាក់វ័ណ្តកដោះស្រាយមិនទាន់ចេញដូចគ្នា៕

អត្ថបទ៖ ចតុមុខ

Share.