អគ្គីភ័យមួយបានកើតឡើងបង្កជាអណ្ដាតភ្លើងយ៉ាងសន្ទោសន្ធៅ ទាំងកណ្ដាលរាត្រី បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់ប្រមាណជាង 10 ខ្នងផ្ទះទាំងស្រុង ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង 11:50 នាទីយប់ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2022 តាមបណ្ដោយផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 9 ក្នុងភូមិ 2 សង្កាត់ច្រាំងចំរេះ 1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំពោះមូលហេតុ នៃការឆាបឆេះនេះ មិនទាន់មានប្រភពណា អាចបញ្ជាក់បាននៅឡើយ ថាបង្កឡើងដោយមូលហេតុអ្វី។ យោងតាមប្រភពពីប្រជាពលរដ្ឋម្នាក់ ដែលរងគ្រោះក្នុងចំណោមប្រជាពលរដ្ឋ ដែលរងគ្រោះជាច្រើននាក់ទៀត បានឲ្យដឹងថា មុនកើតហេតុគេឃើញ ផ្ទះមួយខ្នងដែលនៅកណ្ដាលគេ មានអគ្គីភ័យឆាបឆេះ ដោយម្ចាស់ផ្ទះបង្ហើបប្រាប់ថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលពេញភូមិ ហើយប្រជាពលរដ្ឋ បាននាំគ្នាដងទឹក យកទៅជួយពន្លត់ តែដោយសារតែស្ថានភាព នៃអគ្គីភ័យមានទំហំធំធេងពេក មិនអាចគ្រប់គ្រងបាន ទើបបណ្ដាលឲ្យឆេះរាលដាល ឆ្លងដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាង ជាច្រើនគ្រួសារទៀត បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតគ្រប់គ្រងលែងឈ្នះ បង្កការភ័យស្លន់ស្លោ ដល់ប្រជាពលរដ្ឋ នាំគ្នាប្រមូលយកទ្រព្យសម្បត្តិ ដែលមានតម្លៃរត់ចេញពីផ្ទះ។ ហើយក៏មានប្រជាពលរដ្ឋផ្សេងទៀត ប្រមូលទ្រព្យសម្បត្តិ ដែលមានតំលៃមិនទាន់ ហើយរត់ចេញតែសំបកខ្លួន នឹងបានត្រឹមតែឈរសម្លឹងមើលផ្ទះ ដែលកំពុងត្រូវបានអគ្គីភ័យលេបត្របាក់ យ៉ាងសន្ធោសន្ធៅ ទាំងទឹកភ្នែកសោកសៅ។ ហើយភ្លាមៗនោះសមត្ថកិច្ចចម្រុះ និងកម្លាំងបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តចំនួន 21 គ្រឿង ប្រើប្រាស់ទឹកអស់ជាង 30 ឡាន និងប្រើរយៈពេលអស់ជាង 1 ម៉ោងទើបគ្រប់គ្រងស្ថានការណ៍ នៃអគ្គិភ័យនេះបាន។ ចំពោះផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនទាន់អាចបញ្ជាក់ចំនួនបាននៅឡើយទេ។ ចំពោះមូលហេតុនៃការឆាបឆេះនេះវិញ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងមានការផ្សព្វផ្សាយ ជូននៅលើ page ផ្លូវការ របស់ការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការ នគរបាលរាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មាន បឋមពីប្រជាពលរដ្ឋ បានឲ្យដឹងថា អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋនេះ មិនក្រោមពី 10 ខ្នងផ្ទះនោះទេ ហើយផ្ទះដែលត្រូវអគ្គីភ័យ លេបត្របាក់ ជាប្រភេទផ្ទះឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី។

Share.