ភ្នំពេញ ៖ បុរសជាអ្នកដើរទិញអេតចាយម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បើករុឺម៉កម៉ូតូដឹកអេតចាយបុកជាមួយរថយន្តតាកុមា ច្រាសទិស កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សម្បត្តិ ឈុនអ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដើរទិញអេតចាយ មានស្រុកកំណើត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូអូសរុឺម៉កដឹកអេតចាយ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ឡើងទួលផ្លូវបេតុង ដោយសារទើបចាក់បេតុងបានមួយកំណាត់ រេចង្កូតទៅឆ្វេង ស្របពេលដែលរថយន្តតាកុមាបើកពីលិចទៅកើតច្រាសទិសហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូរងខូចខាតខ្ទេច ។

ក្រោយកើតហេតុ សពជនរងគ្រោះ សមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងរកក្រុមគ្រួសារ រហូតដល់ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ទើបក្រុមគ្រួសារទៅទទួលដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.