ព្រះសីហនុ ៖ បុរសម្នាក់ស្លាប់កៀបជាប់ក្នុងកាប៊ីនរថយន្ត បន្ទាប់ពីបើកកុងតឺន័ររេចង្កូតក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ក្រឡាប់ដោយខ្លួនឯងខាងលើ ប្រភេទកុងតឺន័រ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-8081 អូសសណ្តោងរ៉ឺម៉កផ្ទុកកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-1938 ។
សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ រថយន្តបើកចេញពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ (ពីលិចទៅកើត) ល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ រេចង្កូតក្រឡាប់ខ្លួនឯង កៀបស្លាប់អ្នកបើកបរក្នុងកាប៊ីន ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ទាំងអាវុធហត្ថ ទាំងនគរបាល ជួយអន្តរាគមន៍ សម្រួលចរាចរ ស្ទូចលើករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖តាតុង សែនជ័យ
