មណ្ឌលគិរី ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តសាំយ៉ុង បើកបុកម៉ូតូហុងដាវ៉េវ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវបត់កោងចន្លោះគីឡូម៉ែត្រលេខ៩៨-៩៩ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះឈ្មោះអ៊ី ដានី ភេទស្រី អាយុ២៦ឆ្នាំ  មានទីលំនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខមណ្ឌលគិរី1A-6385 ជាមធ្យោបាយ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កហេតុម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AV-4683 បើកបរដោយឈ្មោះ ផា គឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិដោះក្រមុំ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បើកពីកើតទៅលិចបត់ផ្លូវកោងទៅត្បូង ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ ស្ត្រីម្នាក់ ឃើញសភាពមិនស្រួល អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.