ដូចមហាជនបានឃើញថា កញ្ញា ពៅ ស្រីមាស ឬធ្លាប់មានឈ្មោះក្នុងពិភពសិល្បៈ កញ្ញា មាស នីតា បានលេចវត្តមានជាបេក្ខនារីចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤។ កញ្ញា មាស នីតា កន្លងមកធ្លាប់ជាអ្នកចម្រៀង Cover ល្បីបទ«ផ្លូវណាទៅផ្ទះម៉ែក្មេក» ដែលមានហ្វេនអ្នកគាំទ្រជាច្រើននាក់ គាំទ្រសំឡេងរបស់កញ្ញា រហូតដល់មានអ្នកចូលទៅទស្សនានៅលើបណ្ដាញសង្គមយូធូបចំនួន ១៦ លានដង។

ចូលមកប្រកួតនៅក្នុងកម្មវិធី Cambodian Idol រដូវកាលថ្មីនេះ មាស នីតា មានទម្លាយប្រវត្តិកម្សត់កម្រ និងរឿងរ៉ាវបែកបាក់គ្រួសារឱ្យមហាជនអ្នកទស្សនាបានដឹង។ មាស នីតា អួលដើមក និយាយរៀបរាប់ពីប្រវត្តិខ្លួនប្រាប់ទៅគណៈកម្មការថា សព្វថ្ងៃនេះ ខ្លួនបានឈប់ពីការសិក្សាត្រឹមថ្នាក់ទី ១១ នោះក៏ព្រោះតែកត្តាជីវភាពលំបាក និងបញ្ហាបែកបាក់គ្រួសារ។ កញ្ញាបន្តថា ដើមឡើយគ្រួសាររបស់កញ្ញាកើតចេញពីអ្នកបោសសំរាមតាមដងវិថីដែលមាន ម្ដាយ បងប្រុស ហើយនិងជីដូន។ លុះដល់កញ្ញាមានវ័យ ៥ឆ្នាំ ទើបម្ដាយបានប្ដូរអាជីពធ្វើជាអ្នកលាងចានតាមហាង។

មាន នីតា បានលើកឡើងពីរឿងរ៉ាវក្នុងគ្រួសារថា ម្ដាយរបស់ខ្លួនបានបែកបាក់ជាមួយឪពុកខ្លួន តាំងពីខ្លួនមិនទាន់ដឹងក្ដីមកម្ល៉េះ។ រហូតដល់នាងធំដឹងក្ដីហើយ ក៏មិនបានស្គាល់សូម្បីតែមុខឪពុក ឬស្ថានភាពរបស់ឪពុកសោះឡើយ។ នីតា ថា កាលនៅវ័យនោះ បងប្រុស ជាអ្នកដើរលក់កាសែត រីឯខ្លួន ជាក្មេងស្រីដើរលក់ផ្កានៅតាមហាង។ ចុងក្រោយអ្នកដែលទទួលបន្ទុកក្នុងគ្រួសារ គឺមានតែខ្លួននិងបងប្រុស តែប៉ុណ្ណោះ។ ទាំងនេះហើយជាមូលហេតុដែល មាស នីតា សម្រេចចិត្តឈប់សិក្សារត្រឹមថ្នាក់ទី ១១។

ការគាំទ្ររបស់កញ្ញា មាស នីតា នៅតែមាន ថ្វីបើកន្លងនាងធ្លាប់មានបញ្ហារឿង Cover ល្បីបទ«ផ្លូវណាទៅផ្ទះម៉ែក្មេក» រហូតឈានដល់ការលុបបទ Cover របស់នាងចេញពីយូធូបតែម្ដង។ ចូលមកប្រកួតមកម្ដងនេះ កញ្ញា មាស នីតា នៅតែធ្វើបានល្អ តាមរយៈបង្ហើរសំនៀងបទ «ខ្លាចឃ្លាត» ឱ្យគណៈកម្មការរំជួលអារម្មណ៍ រហូតទទួលបានពាក្យ Yes ដល់ទៅ ៤ព្រមគ្នា៕

Share.