សៀមរាប ៖ យុវជនម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅក្រោមបង្គោលភ្លើង មានស្លាកស្នាម កម្លាំងសមត្ថកិច្ចពិនិត្យឃើញ និងសន្និដ្ឋាន ពាក់ព័ន្ធទៅនឹងករណីឃាតកម្ម កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅវាលស្រែស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ស្រាវជ្រាវតាមចាប់ខ្លួនបានជនសង្ស័យម្នាក់ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ទើបដឹងថា វាយសម្លាប់ប្លន់យកទូរស័ព្ទដៃមួយគ្រឿង ។

ជនរងគ្រោះ ឈ្មោះ ធរ សុធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប បាត់បង់ទូរស័ព្ទដៃម៉ាកoppo ១គ្រឿង ។

តាមសមត្ថកិច្ច ក្រោយចាប់បានជនសង្ស័យម្នាក់ សាកសួរ ទើបដឹងថា កាលពីព្រលឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ស្ទាក់ចាប់វាយជនរងគ្រោះ កំពុងជិះកង់នៅខាងមុខផ្ទះ ហើយយកទូរស័ព្ទមួយគ្រឿងទៅបាត់ សពត្រូវបានដឹកយកទៅទម្លាក់ចោលនៅវាលស្រែក្រោមបង្គោលភ្លើង ចំងាយ៥០០ម៉ែត្រពីផ្ទះជនរងគ្រោះ ។

ក្រោយពីប្រទះឃើញសពជនរងគ្រោះ សមត្ថកិច្ចបើកការស្រាវជ្រាវ រហូតចាប់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ។ សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿង ៖ ម៉ាក EXCITER GP ១គ្រឿង និង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ១គ្រឿង ចំណែកបក្ខពួក៥នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ត្រូវបាននាំទៅសាកសួរនៅការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.