បន្ទាយមានជ័យ៖ នគរបាលស័ក្តិ៤ ក្រសួងមហាផ្ទៃម្នាក់ បាញ់អ្នកស៊ីឈ្នួលឃ្វាលក្របីម្នាក់ឲ្យរងរបួសធ្ងន់ ដោយគ្រាន់តែក្របីចូលស៊ីស្មៅ ដុះដោយខ្លួនឯង និងដីវាលគ្មានរបង កាលពីថ្ងៃទី៧ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០១ៈ៣៥នាទី នៅចំណុចដីចាក់ ស្ថិតនៅភូមិ/ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។


តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានឲ្យដឹងកាលពីថ្ងៃទី០៨ខែឧសភាថា ជនរងគ្រោះមានឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស មុខរបរស៊ីឈ្នួលឃ្វាលក្របី រស់នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកឯជនសង្ស័យ ឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស ជានគរបាលពាក់ស័ក្តិ៤ តួនាទីនាយរងការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តាះអាសន្ន នៅភូមិឃុំកើតខាងលើ។
លោកវរសេនីយ៍ អ៊ឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា មុនកើតហេតុក្របីជនរងគ្រោះបានឃ្វា លនោះ ចូលទៅស៊ីស្មៅនៅក្នុងដីជនសង្ស័យខាងលើ ប៉ុន្តែដីនោះ គឺដីគ្មានរបងហើយស្មៅនោះ ក៏ស្មៅធម្មជាតិដុះដោយខ្លួនឯងដែរ ស្រាប់តែជនសង្ស័យបានយកកាំភ្លើងម៉ាក់វាំងឡុង ប្រភេទកាំភ្លើងបាញ់សត្វ បាញ់ជនរងគ្រោះ ១គ្រាប់ បណ្តាលឲ្យចំកំភួនជើងខាងឆ្វេង រងរបួសធ្ងន់ ដោយឃើញសភាពមិនស្រួលជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី។ ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន ដើម្បីកយកមកចាត់ការតាមនិតិវិធី៕

អត្ថបទ៖ប៉ោយប៉ែត

Share.