
បន្ទាប់ពីកីឡាករ ទេស សម្បត្តិ ប្រធានក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ អវត្តមានដោយសារបញ្ហារបួសកជើង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ដូច្នេះលោក Keisuke Honda អ្នកចាត់ការទូទៅ និងលោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ សម្រេចជ្រើសរើសកីឡាករ សៀង ចន្ធា ឲ្យដើរតួជាប្រធានក្រុមដឹកនាំ U23 កម្ពុជា ប្រកួតទល់នឹង U23 ឡាវ ល្ងាចនេះតែម្តង។
នេះគឺជាលើកដំបូង ដែលខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់បឹងកេត រូបនេះអាចពាក់ស្លាកប្រធានក្រុម ក្រោមការដឹកនាំរបស់លោក Keisuke Honda ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
ខណៈកីឡាករ៣រូបផ្សេងទៀតមានដូចជា៖ ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ, ខ្សែបម្រើការពារ ជួន ចាន់ចាវ, ស៊ិន សុវណ្ណមករា នឹងដើរតួជាអនុប្រធានក្រុម U23 កម្ពុជា៕





