ភ្នំពេញ ៖ ម៉ូតូស្កុបពីមួយគ្រឿង បើកបរដោយស្ត្រីម្នាក់ ល្បឿនលឿន គេចមិនទាន់ជ្រុលបុកគ្នាជាមួយម៉ូតូ PCX កំពុងជិះឌុបគ្នាលើផ្លូវបញ្ច្រាសទិសដៅចរាចរ បណ្តាលឲ្យផ្លោងខ្ទាតជិត៥០ម៉ែត្រ របួសធ្ងន់៣នាក់ ស្រី១នាក់ បាក់ដៃ និងបាក់ជើង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខសាលាបឋមសិក្សាទួលកី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាក លេខ កំពង់ស្ពឺ 1N-6885 ជិះដោយស្ត្រីម្នាក់ ជាបុគ្គលិកធនាគារឯកជនមួយ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿន ។លុះដល់ចំណុចកើតហេតុ វ៉ាក់អើ គេចមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងកំពុងតែជិះដោយបុរស២នាក់ ឌុបគ្នាលើផ្លូវបញ្ច្រាសទិសដៅចរាចរ ពីត្បូងទៅជើង ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HW-9841 បណ្តាលឲ្យផ្លោងខ្ទាត ឃ្លាតពីគ្នាជិត៥០ម៉ែត្រ រងរបួសធ្ងន់៣នាក់ បាក់ដៃ និងបាក់ជើង ។

ក្រោយហេតុការណ៍នេះកើតឡើងភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកម៉ូតូទាំង ២គ្រឿង សមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំភាគីទាំងសងខាងនិយាយដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖តាតុង សែនជ័យ
