បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ សងសឹងជនរងគ្រោះវាយឲ្យរងរបួសចំក្បាល និងហូរឈាមតាមត្រចៀក ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

ជនសង្ស័យមានឈ្មោះ វឿន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។

លោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ​ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោយពីមានពាក្យបណ្តឹងពីសាច់ញាតិ ជនរងគ្រោះថា មានជនសង្ស័យបានវាយទៅលើជនរងគ្រោះឈ្មោះសុខ រិទ្ធីស័ក ភេទប្រុស អាយុ១៤ឆ្នាំ បណ្តាលឲ្យបែកក្បាល ហូរឈាមតាមត្រចៀក ព្រមទាំងបានបំផ្លាញម៉ូតូរបស់ជនរងគ្រោះថេមទៀត ទើបកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំ។

ក្រោយពេលសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន ដោយមានគ្នាចំនួន៣នាក់។ និងបានធ្វើសកម្មភាពកាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងនៅសួន កោះពងសត្វ ក្នុងក្រុងសិរីសោភ័ណ ក្រុមខ្លួនបានវាយទៅលើជនរងគ្រោះ និងបាន យកកាំបិតកែច្នៃកាប់បំផ្លាញម៉ូតូជនរងគ្រោះ ដោយសារកន្លងមកក្រុមរបស់ជនរងគ្រោះធ្លាប់មានជម្លោះជាមួយក្រុមខ្លួនពីមុន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកាំបិតកែច្នៃ ត្រូវបានសមត្ថជំនាញអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕

អត្ថបទ៖ប៉ោយប៉ែត

Share.