ព្រះសីហនុ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនបួងចង្កូតគេចជ្រុល ក្រឡាប់ខ្លួនឯងបះជើង សំណាងល្អមិនបង្កឲ្យរបួសដល់មនុស្ស តែដេកកាត់ទទឹងផ្លូវ កាលពីវេលា៤និង៤៥នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦៨-១៦៩ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-0567 អូសសណ្រោងរុឺម៉ក ផ្ទុកទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-6656 បើកបរដោយឈ្មោះ សុខ ហឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិជើងទឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) ល្បឿនលឿន បួងចង្កូតគេចពីរថយន្តខាងមុខ ជ្រុលក្រឡាប់ខ្លួនឯង សំណាងល្អមិនបង្កឲ្យរបួសដល់មនុស្ស ឬយានដទៃ ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល ចុះទៅជួយសម្រួលចរាចរ ហើយប្រគល់ឲ្យម្ចាស់រករថយន្តស្ទូចទៅលើក យករថយន្តទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ
