ក្នុងជន្មានយុ៧២ឆ្នាំ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា បានទទួលមរណភាពកាលពីវេលាម៉ោង៦.២៥នាទីល្ងាច​ ថ្ងៃទី៥ ខែសភា ឆ្នាំ២០២២។ ដំណឹងដ៏គួរឱ្យរន្ធត់នេះបានញ៉ាំងឱ្យមានភាពផ្ញាក់ផ្អើលពេញផ្ទៃប្រទេស ដ្បិតឥស្សរជនរូបនេះបានទទួលមរណភាពដោយជំងឺគាំងបេះដូង ពោលគឺមិនធ្លាប់មានប្រវត្តផ្សាយដំណឹងអំពីអារៈសុខភាពពីមុនមកឡើយ។ គេហទំព័រត្រយង សូមសង្ខេបជូនសកម្មភាពមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងត្រូវជាប្អូនប្រុសនៃសព នៅក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសពសម្ដេចបង ឧត្តមទេពញាណ ហ៊ុនណេង។

ក្ដុកក្ដួលអាឡោះអាល័យ! ជាង១៦ម៉ោងក្រោយមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ពោលគឺនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារសំណេរខ្លីលើទំព័រហ្វេសប៊ុក ភ្ជាប់ដោយរូបថតឈរទន្ទឹមគ្នាជាមួយសម្ដេចឧត្តមទេពញាណ។ «បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះបែកជារៀងរហូតហើយ មិនអាចជួបគ្នាវិញបានទេ»។ នេះគឺជាសំណេរប្រកបដោយមនោសញ្ចេតនាឈាមខាប់ជាងទឹករបស់ប្អូនចំពោះបងប្រុសដែលចែកឋានទៅហើយ»។

កាន់ទុក្ខបង តែមិនចោលកិច្ចការជាតិ! នៅល្ងាចថ្ងៃបន្ទាប់ គឺនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោដែលកំពុងកាន់មរណទុក្ខបងប្រុសបានផ្ញើសារជូនជនរួមជាតិ ប្រកាសអំពីការមិនរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូងចាប់តាំងពីកម្ពុជាជួបព្រឹត្តិការណ៍សហគម២០កុម្ភៈ។ សម្ដេចបានអំពាវនាវឱ្យពលរដ្ឋបន្តប្រុងប្រយត្ន ការពារខ្លួន ទៅទទួលវាក់សាំង និងបានអរគុណថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋដែលបានរួមកម្លាំងគ្នាប្រយុទ្ធនឹងជំងឺឆ្លងនេះ ព្រមទាំងអរគុណប្រទេសជាមិត្ត និងដៃគូដែលផ្ដល់ការគាំទ្រជាបន្តបន្ទាប់។

ចុះពិនិត្យទីបញ្ចុះសពបងដោយផ្ទាល់! នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នោះដែរ ខណៈសពសម្ដេចឧត្តមទេពញាណ កំពុងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅគេហដ្ឋានក្នុងក្រុងកំពង់ចាម សម្ដេចតេជោក្នុងសំលៀកបំពាក់កាន់ទុក្ខ​ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ដំណើរការសាងសង់ចេតិយបញ្ចុះសពបងប្រុស នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិតនៅស្រុកកំពង់សៀម។ មុនពេលសពត្រូវបានបញ្ចុះ សម្ដេចក៏បានទៅពិនិត្យទីតាំងនោះជាថ្មីទៀតដែរ។

នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ដដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានត្រាស់បង្គាប់ផ្ដល់គោរពងារ សម្ដេចឧត្តមទេពញាណ ជូនឯកឧត្តម ហ៊ុន ណេង។ បើតាមព្រះរាជក្រឹត្យ ការត្រាស់បង្គាប់នេះ គឺដោយព្រះមហាក្សត្រទ្រង់យល់ ឯកឧត្តម ហ៊ុន ណេង ជាអ្នកដឹកនាំមានស្វាមីភក្ដិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។

កាន់តែស្រណោះបងដែលមានងារជាសម្ដេចក្រោយអនិច្ចកម្ម! ភ្ជាប់ដោយរូបភាពព្រះរាជក្រឹត្យផ្ដល់គោរមងារជូនសម្ដេចឧត្តមទេពញាណ និងរូបថតអនុស្សាវរិយ៍ជាមួយសម្ដេចបង សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៧ ខែឧសភា បានបន្តសរសេរសារបង្ហោះក្នុងទំព័រហ្វេសប៊ុកក្នុងន័យដើមថា « បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច។ មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារះរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណហ៊ុន ណេង)»។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានរំលឹកដល់អនុស្សាវរិយ៍មួយដែលបងប្អូនប្រុសទាំងពីរធ្លាប់ចូលរួមធ្វើសកម្មភាពដើម្បីបុព្វហេតុគាំទ្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលត្រូវធ្វើរដ្ឋប្រហារដោយសេនាប្រមុខ លន់ ណុល ក្នុងន័យសេចក្ដីថា «តើបងនៅចាំទេ គឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣មិនា១៩៧០ ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ»។

សម្ដេចក៏បានរំលឹកដល់អនុស្សាវរិយ៍ធ្លាប់ចូលរួមធ្វើសកម្មភាពដើម្បីបុព្វហេតុគាំទ្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលត្រូវធ្វើរដ្ឋប្រហារដោយសេនាប្រមុខ លន់ ណុល កាលពី៥០ឆ្នាំមុនថា «តើបងនៅចាំទេ គឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣មិនា១៩៧០ ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ»។

មកទាន់ដង្ហើមចុងក្រោយដែរ តែអស់សង្ឃឹមទៅហើយ! មួយថ្ងៃមុនសពត្រូវបានដង្ហែរយកទៅបញ្ចុះ ពោលគឺនៅថ្ងៃទី៨ ខែសភា តាមរយៈទំព័រហ្វេសប៊ុកដដែលនេះ សម្ដេចតេជោបានបន្តបង្ហាញមនោសញ្ចេតនាស្រណោះស្រណោកជាថ្មីទៀតចំពោះបងប្រុស ដោយសម្ដេចបានបន្តសរសេររៀបរាប់ថា «បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នានិងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម»។

បងទី១នៅពេទ្យមិនដឹងបងទី២ស្លាប់! បើតាមសម្ដេចតេជោ ទន្ទឹមគ្នានឹងមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅមានរឿងសោកសៅជាងនេះសម្រាប់បងប្អូនប្រុសស្រីទាំង៦នាក់ នោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ សម្ដេចបានសរសេរទៀតថា«បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។ ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់?នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ»។

ជួបឯកឧត្តម កឹម សុខា ជាង៤ម៉ោងនៅគេហដ្ឋានសព! សម្ដេចតេជោនាយករដ្ឋមន្រ្តី ​និងក្នុងនាមជាប្អូនប្រុសនៃសព ក៏បានទទួលជួបសុន្ទនាជាមួយឯកឧត្តម កឹម សុខា នៅគេហដ្ឋានសព។ ឯកឧត្តម កឹម សុខា ដែលបានដឹកនាំសហការីចូលគោរពវិញ្ញាណក្ខន្ធសព សម្ដេចឧត្តមទេពញ្ញាណ នៅថ្ងៃទី៨ ខែឧសភា។ មិនមានការឱ្យដឹងអំពីខ្លឹមសារនៃជំនួបដ៏កម្រនេះឡើយ ប៉ុន្តែតាមរយៈរូបភាពបង្ហោះផ្សាយជាច្រើនសន្លឹកនោះ គេសង្កេតឃើញសម្ដេចតេជោ និងឯកឧត្តម កឹម សុខា អង្គុយទន្ទឹមគ្នា និងបានទទួលទាននំក្នុងអំឡុងពេលនោះ។

យំពេលបញ្ចុះសពបងប្រុស! សពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង  បានដង្ហែរមកដល់ទីបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្ដុកក្ដួលរំជួលចិត្ត។ សម្ដេចតេជោបានយំសោក យកដៃជូទឹកភ្នែកជាច្រើនដងនៅពេលសពត្រូវបានរៀបចំពិធីបញ្ចុះក្នុងព្រះធរណី។

សូមបញ្ជាក់ថានៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ ក្រុមគ្រួសារនឹងប្រារព្ធពិធីបុណ្យ៧ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅគេហដ្ឋានក្រុងកំពង់ចាម។ សម្ដេចតេជោ​ទំនងជាមិនបាននៅប្រារព្ធពិធីបុណ្យ៧ថ្ងៃបងប្រុសរហូតដល់បញ្ចប់កម្មវិធីបុណ្យនោះទេ ដ្បិតតាមគម្រោង សម្ដេចនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំអាស៊ានអាមេរិកនៅថ្ងៃទី១០ ខែសភា ឆ្នាំ២០២២ស្អែកនេះហើយ៕

Share.