សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងត្រូវធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី១០ ខែឧសភាស្អែកនេះហើយ។ នេះបើតាមគម្រោងចេញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិករបស់សម្ដេចតេជោដែលសម្ដេចបានប្រកាសដោយផ្ទាល់ និងដែលត្រូវបានគូសបញ្ជាក់បន្ថែមដោយក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ព្រោះតែត្រូវចាកចេញពីមាតុប្រទេសក្នុងអំឡុងពេលក្រុមគ្រួសារនិងញាតិមិត្តត្រូវប្រារព្ធបុណ្យ៧ថ្ងៃជូនសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលត្រូវជាបងប្រុសនោះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុក បានបង្ហោះនូវការមិនអស់ចិត្ត បើទោះបីជាសម្ដេចបានធ្វើបុណ្យសពជូនសម្ដេចបងតាំងពីថ្ងៃមរណភាពរហូតដល់ថ្ងៃបញ្ចុះក៏ដោយ។
សម្ដេចបានសរសេរថាក្នុងន័យដើមថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើអោយឈាមរលាយជាទឹកបានក៏ដោយ។ ខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូនដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែងគឺមរណៈភាពបងប្រុសខ្ញុំដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមុិញនេះ។ ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ…….»។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ឧសភាខាងមុខនេះ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានគឺកម្ពុជា។
ជំនួបដោយផ្ទាល់រវាងមេដឹកនាំអាស៊ាន និងអាមេរិក នឹងជជែកគ្នា លើប្រធានបទមានជាអាទិ៍ ការឆ្លើយតបនឹងជំងឺកូវីដ១៩ បញ្ហាសន្តិសុខសុខភាពសកល បម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម៕




