
តាមរយៈរូបថត៤សន្លឹកបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៩ ខែឧសភានេះ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានបង្ហាញជូនសាធារណៈជនអំពីការផ្ដូរផ្ទាំងរូបភាពផ្សាយពាណិជ្ជកម្មនៅតាមផ្លូវមួយចំនួនក្នុងក្រុងបាតផ់ដំបង ដោយដាក់ជំនួសវិញនូវផ្ទាំងបុណ្យពិសាខបូជា។
ផ្ទាំងរូបភាពតូចធំតាមដងផ្លូវទាំងនោះ បានបង្ហាញអំពីព្រះពុទ្ធជាអម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វានដែលជាព្រឹត្តិកាណ៍សំខាន់៣នៃដំណើរជីវិត្តព្រះពុទ្ធជាម្ចាស់និងដែលជាខ្លឹមសារស្នូលនៃបុណ្យវិសាខបូជា ព្រមទាំងបានភ្ជាប់ខ្លឹមសារ និងកាលបរិច្ឆេទនៃបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយនេះផងដែរ។
ឯកឧត្តម សុខ លូ បានសរសេរថា«រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរៀបចំសម្រាប់ពិធីបុណ្យពិសាខបូជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ»។ ឯកឧត្តមក៏បានអំពាវនាវពលរដ្ឋចូលរួមក្នុងពិធីដង្ហែក្បួនបុណ្យពិសាខបូជាទាំងអស់គ្នា។

ក្រោយការបង្ហោះរូបភាពទាំងនោះ មានពលរដ្ឋជាច្រើនបានចូលទៅបញ្ចេញមតិគាំទ្រសកម្មភាពនេះរបស់ឯកឧត្តម សុខ លូ ក្នុងនោះមានទាំងពលរដ្ឋខេត្តបាត់ដំបង និងខេត្តកំពង់ធំដែលឯកឧត្តមធ្លាប់កាន់តួនាទីជាអភិបាលខេត្ត។ ឯកឧត្តម សុខ លូ បានចូលកាន់មុខតំណែងជាអភិបាលខេត្តបាត់ដំបងកាលពីអញឡុងឆ្នាំ២០២១កន្លងទៅ។
«ពិតជាគម្រូល្អខ្លាំងណាស់ឯកឧត្តម ប្រជាជនខ្មែរគ្រប់ខេត្តក្រុង ពិតជាសាទរខ្លាំងដែលខេត្តបាត់ដំបងធ្វើបាន»
«លើកទីមួយហើយដែលឃើញរូបភាពបែបនេះ។មិនមែនជាប៉ាណូផ្សាយពាណិជ្ជកម្ម។» «ទោះបីឯកឧត្តមពូ ទៅដល់ណាក៏មិនភ្លេចបុណ្យជាតិឡើយ តែងតែដឹកនាំធ្វើដូចកាលនៅកំពង់ធំដែរ ខ្ញុំសូមសរសើរចេញពីចិត្ដ…»។ ទាំងនេះជាសម្រង់មតិក្នុងហ្វេសប៊ុកឯកឧត្តម សុខ លូ។
សូមបញ្ជាក់ថាកម្ពុជាជាប្រទេសមានពលរដ្ឋច្រើនលើសលុបកាន់ព្រះពុទ្ធសាសនា និងបានចែងក្នុងរដ្ឋធម្មនុញ្ញដោយកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ គ្រប់វត្តអារាមតែងប្រារព្ធពិធីបុណ្យវិសាខបូជាជារៀងរាល់ឆ្នាំ។ ឆ្នាំនេះរាជរដ្ឋាភិបាលក៏បានសម្រេចរៀបចំពិធីបុណ្យនេះនៅភ្នំព្រះរាជទ្រព្យដែរ៕





