ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលសុខទុក្ខ និងលើកចិត្តប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាបាល់ទះក្នុងសាល និងឆ្នេរខ្សាច់ ចំនួន ២៥រូប ដែលត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បាននាំយកថវិកា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ប្រគល់ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ ក្នុងសាល និងឆ្នេរខ្សាច់ ដោយក្នុង១រូប ទទួលបាន ៣០០$។
សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ដេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដល់ប្រតិភូ និងអត្តពលិកកម្ពុជា បានចូលជួបសម្ដែងការគួរសម គោរពជំរាបលា និងទទួលអនុសាសន៍ណែនាំ នៅព្រឹកថ្ងៃទី២៨ ខែ មេសា កន្លងទៅមុនចាកចេញពីមាតុភូមិ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ បានឧបត្ថម្ភថវិកាដល់ប្រតិភូ កីឡាករកីឡាការិនី ម្នាក់៥០០$ផងដែរ។
សម្រាប់ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ និងហ្វីលីពីន ហើយក្រុមបាល់ទះឆ្នេរខ្សាច់មិនទាន់ចាប់ពូលនៅឡើយទេ។ សម្រាប់បាល់ទះក្នុងសាលបុរស នឹងប្រកួតបើកឆាកជួបក្រុមហ្វីលីពីន នៅថ្ងៃទី១៤ ខែឧសភា និងបន្តជួបថៃ នៅថ្ងៃទី១៨ ខែឧសភា ក្នុងវគ្គសន្សំពិន្ទុតាមពូល៕








