ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តហាយឡិនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AX-7965 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីពីកើតមកលិចក្នុងល្បឿនលឿនដូចក្នុងរឿងហុងកុង។ លុះដល់ចំណុចកើតហេតុ ក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅបុកទូកញ្ចក់មួយទូ ដែលជាប្រភេទទូដាក់តាំងលក់កៅឡាក់ បណ្ដាលឱ្យរងការខូចខាតបែកបាកខទិចខ្ទី រ៉ាយប៉ាយពេញលើចិញ្ចើមផ្លូវ ហើយរថយន្តមិនទាន់អស់ល្បឿនទេ ក៏បន្តទៅបុកផើងផ្កាបែកអស់បីផើង បណ្ដាលឲ្យបែកខ្ទិចទៀត។

ប្រភពពីអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា រថយន្តមិនទាន់អស់ល្បឿនទៀត ក៏បន្តទៅបុកកាប៊ីនភ្លើងដែលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតបែកបាក់ទៀត ហើយរថយន្តនៅតែមិនទាន់អស់ល្បឿនទៀត ក៏បន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយរងការខូចខាត បែកបាក់រាយប៉ាយ ពេញមុខផ្ទះបន្ថែមទៀត។
ឯរថយន្តរងការខូចខាត ខ្ទេចមួយកំណាត់ខាងមុខ ដាច់កង់អស់មួយចំហៀងខាងស្ដាំ ទើបអស់ល្បឿនទៅមុខលែងរួច។ តែជាសំណាងល្អ ក្នុងករណីបុករះនេះ មិនបង្កឲ្យមានអ្នករងរបួសទេ។

ហេតុការណ៍បុករះនេះ កើតឡើងកាលពីវេលាម៉ោង 4:30 នាទីទៀបភ្លឺថ្ងៃទី 10 ខែឧសភា ឆ្នាំ 2022 តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញបាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្ទូចរថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត
