លោក Ferdinand Marcos Jr ដណ្ដើមបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃច័ន្ទ ទី ០៩ ខែ ឧសភា ដោយយោងតាមការរាប់សន្លឹកឆ្នោតមិនច្បាស់ការមួយបង្ហាញថា លោកជាប់ជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន។
លោកទទួលបានសំឡេងគាំទ្រច្រើនលើសលុប ចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៨៦ ដែលបានផ្ដួលរំលំរបបផ្ដាច់ការរយៈពេល ២ទសវត្សរ៍ របស់ឪពុកលោក។

តួលេខក្រៅផ្លូវការបង្ហាញថា លោក Ferdinand Marcos ដែលគេស្គាល់ថាជា «Bongbong» ទទួលបានសំឡេងគាំទ្រលើសចំនួន ២៧.៥លានសំឡេង ដែលករណីនេះគេត្រូវបានគេយល់ឃើញថា គ្រួសារត្រកូល ម៉ាកូស (Marcos) នឹងវិលត្រឡប់មកកាន់តំណែងវិញក្រោយរយៈពេល ៣៦ឆ្នាំ បន្ទាប់ពីការបណ្ដេញចេញពីអំណាចដ៏អាម៉ាស់ដោយ «អំណាចប្រជាជន»។
លោក Ferdinand Marcos វ័យ ៦៤ឆ្នាំ រូបនេះ បានប្រាប់អ្នកគាំទ្រនៅក្នុងសុន្ទរកថាដែលផ្សាយនៅលើបណ្ដាញសង្គម ដែលជាវេទិកាស្នូលនៃយុទ្ធសាស្ត្រនយោបាយរបស់លោកថា «ខ្ញុំសង្ឃឹមថា អ្នកនឹងមិនធុញទ្រាន់នឹងការជឿជាក់លើយើង»។ លោកបន្តថា «យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ» ដោយបន្ថែមថា «ការខិតខំប្រឹងប្រែងដ៏ធំដូចដែលរឿងនេះ មិនពាក់ព័ន្ធនឹងមនុស្សម្នាក់»។

យោងតាមលទ្ធផលរាប់សន្លឹកឆ្នោតបាន ៩០% របស់គណៈកម្មការមិនផ្លូវការសម្រាប់ការបបោះឆ្នោត (COMELEC) បង្ហាញថា លោក Ferdinand Marcos ទទួលបានសំឡេងបោះឆ្នោតគាំទ្រ ២៩.៩លានសំឡេង ពោលគឺច្រើនជាងគូរប្រជែងរបស់លោក គឺលោកស្រីអនុប្រធានាធិបតី Leni Robredo ដល់ទៅ ២ដងឯណោះ។ ខណៈដែលលទ្ធផលផ្លូវការត្រូវបានគេរំពឹងទុកថានឹងផ្សាយចេញនៅចុងខែឧសភានេះ។
ទោះជាមានការដួលរលំពីអំណាច និង និរទេសពីប្រទេសយ៉ាងណាក្ដី គ្រួសាត្រកូល Marcos បានត្រលប់មករស់នៅហ្វីលីពីនវិញក្នុងឆ្នាំ ១៩៩០ ដោយរស់នៅឆ្ងាយពីសង្គម ប៉ុន្ដែត្រកូលនេះនៅតែមានទ្រព្យសម្បត្តិ និង ឥទ្ធិពលក្នុងវិស័យនយោបាយដដែល។
គួរបញ្ជាក់ថា លោក Ferdinand Marcos បានសន្យាដោះស្រាយបញ្ហាជាច្រើនដែលជាកង្វល់របស់ប្រជាជនហ្វីលីពីន ក្នុងនោះរួមមាន ការបង្កើតការងារ បញ្ហាទំនិញឡើងថ្លៃ និង ស្វែងរកឯកភាពជាតិជូនហ្វីលីពីនផងដែរ៕

