ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ៦ខែម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្ដាលអោយរបួសទាំងពីរនាក់ ចំណែកម៉ូតូខូចខាតទាំងគ្រឿងយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ៈ៣០នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្តុបសេះមាស ផ្លូវចោមចៅ (វេងស្រេង) កែងផ្លូវ៣០ម៉ែត្រ ហៅផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ប្រាប់អោយដឹងថា មុនកើតហេតុស្រ្តីម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1H-8335 ជិះម្នាក់ឯងឆ្លងផ្លូវ ខណៈនោះមានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1O-3541ជិះធ្វើដំណើរតាមផ្លូវចោមចៅ ទិសដៅលិចមកកើត ជ្រុលបុកម៉ូតូស្រ្តីជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលអោយរបួសទាំងសងខាង ចំណែកស្រ្តីត្រូវបានប្ដីដឹកយកទៅពេទ្យចំណែកយុវជនរបួសជើងស្រាល ហើយម៉ូតូខូចខាតទាំងពីរគ្រឿង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទុកពេលអោយភាគីទាំង២ចរចារគ្នាដោយប្ដីស្រ្តីជិះម៉ូតូច្រាស់ទិសឆ្លងផ្លូវបានចេញថ្លៃជួសជុលម៉ូតូចំនួន៦០ដុល្លារទៅយុវជនដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕
អត្ថបទ៖ សេង សាវី

