សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាមនឹងឆ្លៀតជួបពិភាក្សាគ្នាទ្វេភាគីក្នុងឱកាសមានវត្តមាននៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំឮកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។

បើតាមក្រសួងការបរទេស តិ នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយលោកជំទាវ ណាន់ស៊ី ភេឡូស៊ី ប្រធានសភាអាមេរិក នៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចរៀបចំដោយ ឯកឧត្តម ចូ បៃដិន ប្រធាននាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន។

ក្រសួងការបរទេសក៏បានឱ្យដឹងដែរថាថ្នាក់ដឹកនាំអាស៊ានក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយថ្នាក់ដឹកនាំអាស៊ាននឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកជំទាវអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញអង្គជាមួយបណ្តារដ្ឋមន្រ្តីអាមេរិក ស្តីពីបញ្ហាវិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព ការពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ

ក្រៅពីឆ្លៀតជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្រសួងការបរទេសកម្ពុជាក៏បានឱ្យដឹងដែរថាសម្ដេចតេជោអាចនឹងមានជំនួបជាមួយបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានមួយចំនួនទៀត ខណៈពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកក៏ត្រៀមជួបសំណេះសំណាលជាមួយសម្ដេចតេជោផងដែរ៕

Share.