
គណបក្សប្រជាជនកម្ពុជា បានស្នើជ្រើសតាំងឯកឧត្តម កែប ជុតិមា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ឱ្យកាន់មុខតំណែងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់គេហទំព័រត្រយងនៅថ្ងៃទី១០ ខែឧសភានេះថា មុននឹងបានទៅកាន់មុខតំណែងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា នៅថ្ងៃស្អែកនេះឯកឧត្តម កែប ជុតិមា ត្រូវឆ្លងកាត់ការសម្រេចពីអង្គសភាសិន មុននឹងសមាជិកគណៈកម្មការទី៤បន្តបោះឆ្នោតជ្រើសរើសជាប្រធាន។
សូមបញ្ជាក់ថាឯកឧត្តម កែប ជុតិមា ធ្លាប់បំពេញការងារជាអភិបាលរាជធានីភ្នំពេញ មុននឹងក្លាយជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ។ ដោយឡែកនៅថ្ងៃស្អែកនេះដែរ រដ្ឋសភាក៏នឹងប្រកាសទទួលស្គាល់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមជំំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ផងដែរ៕

