ភ្នំពេញ៖ក្រោយពីចាប់ឃាត់ខ្លួនបាន យុវជនទំនើងជាង៧០នាក់កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានកោរសក់ធ្វើការអប់រំនិងឲ្យវិលត្រឡប់ទៅផ្ទះវិញ ចំនួន៦៦នាក់ និង៥នាក់ ដែលជាអ្នក កាន់ដាវ និងកាំបិត ជំពាមកៅស៊ូ ត្រូវបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ ពាក់ព័ន្ធនិងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។

ជនសង្ស័យទាំង៥នាក់ដែលត្រូវបានបញ្ជូនទៅតុលាការនោះរួមមាន៖ ១.ឈ្មោះ កៅ សុវណ្ណារិទ្ធ ហៅម៉ី ភេទប្រុសអាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ,២.ឈ្មោះ គឹម កក្កដា ភេទប្រុសអាយុ១៥ឆ្នាំ , ៣.ឈ្មោះ ហៀង លឹមហាក់ ភេទប្រុសអាយុ១៨ឆ្នាំ ៤.ឈ្មោះ ថុង សុគុណ ភេទប្រុសអាយុ ១៩ឆ្នាំជាកម្មករ រោងចក្រនិង៥.ឈ្មោះ ស្រ៊ាង ភក្កី ភេទប្រុសអាយុ១៨ឆ្នាំ ជាកម្មករ រោងចក្រ ។
ជនសង្ស័យទាំង៥នាក់ នោះស្ថិតក្នុង ចំណោមបក្សពួកចំនួន ៧១នាក់ ដែល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនខណៈពេល ដែលពួកគេ ប្រមូល ផ្តុំគ្នា ត្រៀម ប្រើហឹង្សាទៅលើ គូបដិបក្ខ ។

ដោយឡែកក្មេងទំនើង ចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចកោសក់និងអញ្ជើញ ឪពុកម្តាយ បងប្អូនអោយមក ធានាយកទៅអប់រំជាបណ្តើរ តាំងពីវេលាល្ងាច ថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២២ ។
គួរបញ្ជាក់ថា យុវជនទំនើង ចំនួន៧១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១២និង៤០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង តាមផ្លូវលេខ ១៩៦៦ក្នុងភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈពេល ដែលពួកគេណាត់ជួប ប្រមូលគ្នា ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ជំពាមកៅស៊ូ ប្រុងប្រើហឹង្សា ជាមួយគូរទំនាស់។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ក៏បានដកហូតម៉ូតូចំនួន២៨គ្រឿង និង ដាវ កាំបិត ប៉័ងតោ និងជំពាមកៅស៊ូ ដែល លាក់ទុក ក្នុងព្រៃ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាយប់នោះ កម្លាំង សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានជិះល្បាត នៅក្នុងមូលដ្ឋានក៏បានប្រទះឃើញ យុវជនស្ទាវមួយក្រុម ជួប ប្រមូលផ្តុំគ្នា ហើយ ធ្វើការឡោមព័ទ្ធនិង ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌដើម្បីសាកសួរតែម្តង៕
អត្ថបទ៖ចតុមុខ
