ពីអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈ័ន សាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតក្នុងដំណើរតាមយន្តហោះឆ្ពោះទៅកាន់ទឹកដីអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះ បានផ្ញើសារសំឡេងជូនជនរួមជាតិតាមប្រព័ន្ធតេឡេក្រាមនៅរសៀលថ្ងៃទី១០ ខែសភានេះថាក្នុងទិវាកាកបាទក្រហមអន្តរជាតិ១៨ឧសភា កាកបាទក្រហមកម្ពុជា បានទទួលជំនួយថវិកាពីសប្បុរសជនប្រមាណ១៦លានដុល្លារអាមេរិក។

សម្ដេចប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកថវិកាសប្បុរសធម៌នេះថាជាចំនួនមួយដ៏ធំ។ «គឺជាការទទួលមួយដ៏ធំនៅក្នុងពេលវេលានៃដំណាក់កាលកូវីដដែលយើងមិនអាចចូលរួមបាន មិនអាចធ្វើពិធីទិវាបាន ប៉ុន្តែបែរជាបងប្អូនសប្បុរសជនបានចូលរួមវិភាគទានសម្រាប់កាកបាទក្រហមកម្ពុជាបានយ៉ាងល្អប្រសើរ»។ នេះជាការបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ភ្ជាប់នឹងការគូសបញ្ជាក់អំពីថវិកាដែលកាកបាទក្រហមកម្ពុជាទទួលបាននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះមហាក្សត្រី សប្បុរសជន និងជនរួមជាតិដែលបានប្រោសព្រះរាជទាន និងរួមចំណែកបរិច្ចាគថវិកាដើម្បីគាំទ្រសកម្មភាពសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថាកាកបាទក្រហមកម្ពុជា មានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាប្រធានកិត្តិយស និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។ កន្លងមក សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានអញ្ជើញជាអធិបតីនៃពិធីអបអរសាទរទិវាអន្តរជាតិកាកបាទក្រហម និងបានអញ្ជើញផ្ដល់កិត្តិយសទទួលថវិកាជំនួយពីសប្បុរសជនដោយផ្ទាល់ទៀតផង៕

Share.