ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សំដីឧបនាយករដ្ឋមន្រ្តី Yuri Borisov ដែលបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ីកំពុងអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង (Hypersonic) ជំនាន់ថ្មី ដើម្បីវាយប្រហារពីលើអាកាស ដីគោក និង សមុទ្រ។

លោក Borisov បន្ថែមថា រុស្ស៊ីមានកាំជ្រួច និង គ្រាប់រំសេវដែលមានភាពជាក់លាក់ខ្ពស់គ្រប់គ្រាន់ ដើម្បីបំពេញរាល់ភារកិច្ចដែលប្រគល់ឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។

លោកបានឲ្យដឹងទៀតថា រុស្ស៊ីមានផែនការបំពាក់មីស៊ីលទាំងនេះ នៅលើយន្ដហោះយោធាផ្សេងៗរួមមានទាំងយន្ដហោះទម្លាក់គ្រាប់បែក យន្ដហោះ Tu-22។ កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់ប្រកាសថា ប្រទេសរបស់លោកកំពុងតែនាំមុខគេក្នុងបច្ចេកវិទ្យាសព្វាវុធ ដោយសារតែរុស្ស៊ីទើបតែធ្វើតេស្ដកាំជ្រួចមីស៊ីលឆ្លងទ្វីបដោយជោគជ័យ និង បានប្រើមីស៊ីលល្បឿនលឿនជាងសំឡេងវាយប្រហារលើអ៊ុយក្រែនផងដែរ។

កាលពីខែមុនប្រទេសរុស្ស៊ីបានប្រកាសពីផែនការដាក់ពង្រាយកាំជ្រួចមីស៊ីលឆ្លងទ្វីប Sarmat ដែលទើបនឹងសាកល្បងថ្មី ដែលវាមានសមត្ថភាពអាចវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងនឹងអាមេរិក៕

ប្រភព៖ Israelhayom

Share.