
តាមរយៈសារជាសំឡេងជូនជនរួមជាតិនៅរសៀលថ្ងៃទី១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថាយន្តហោះពិសេសដែលសម្ដេចប្រើសម្រាប់ហោះទៅកាន់ទឹកដីសហរដ្ឋអាមេរិកនឹងត្រូវចុះចតចំនួន២ដងដើម្បីចាក់ប្រេង។ ខណៈកំពុងផ្ញើសារជាសំឡេងនោះ សម្ដេចបានឱ្យដឹងថាយន្តហោះរបស់សម្ដេច កំពុងចុះចតដើម្បីចាក់ប្រេងនៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។

សម្ដេចបានឱ្យដឹងថាការចូលចាក់ប្រេងជើងទី១នេះ ត្រូវចំណាយពេលប្រមាណ១ម៉ោង មុននឹងយន្តហោះត្រូវបន្តហោះឆ្ពោះទៅកាន់ដែនដីកោះអាឡាស្ការរបស់សហរដ្ឋអាមេរិកដើម្បីចាក់ប្រេងជាលើកទី២។ សម្ដេចបានឱ្យដឹងទៀតថានៅម៉ោងប្រមាណ៥ល្ងាច ទើបសម្ដេចនិងគណប្រតិភូអញ្ជើញទៅដល់ទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។
នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក សម្ដេចតេជោនាយកដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ានអានអាមេរិក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ សម្ដេចក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំមួយចំនួន រួមទាំងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអាមេរិកផងដែរ៕

