យោងតាមលទ្ធផលរាប់សន្លឹកឆ្នោតក្រៅផ្លូវការរបស់គណៈកម្មការ COMELEC បង្ហាញថា អតីតស្ដេចប្រដាល់ លោក Many Pacquiao បានចាញ់សំឡេងឆ្នោតគាំទ្រ ជាបេក្ខភាពប្រធានាធិបតីរាប់លានសំឡេង ខណៈលទ្ធផលផ្លូវការត្រូវបានគេរំពឹងថានឹងប្រកាសនៅចុងខែឧសភានេះ។

បេក្ខភាពប្រធានាធិបតី Many Pacquiao បានឈរនៅលើតារាងលេខរៀងទី៣ ដោយទទួលបានសំឡេងបោះឆ្នោតគាំទ្រចំនួន ៣,៤៦៣,៦៥៤សំឡេង ស្ថិតនៅពីក្រោមលោកស្រី Leni Robredo ចំនួន ១០,៩៦៧,៩៣៧ សំឡេង និង មានអ្នកបោះឆ្នោតគាំទ្រតិចជាងលោក Ferdinand Marcos Jr រាប់លានសំឡេង ដោយលោក Marcos Jr ទទួលបានសំឡេងគាំទ្រច្រើនលើសលុបចំនួន ជាង ៣០លានសំឡេងឯណោះ។

កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២១ លោក Many Pacquiao វ័យ ៤២ឆ្នាំ រូបនេះ ធ្លាប់បានប្រកាសឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២២នេះ បន្ទាប់ពីលោកបាននិយាយរិះគន់អំពើពុករលួយរបស់រដ្ឋាភិបាល និង មន្រ្តីធំៗ ពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម។

លោក ធ្លាប់និយាយថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោកនឹងបើកដៃឲ្យអន្តរជាតិស៊ើបអង្កេតសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte រួមទាំងបានសន្យាតាមប្រមាញ់ប្រាក់ពុករលួយរបស់គ្រួសារត្រកូល Marcos និង សន្យាចាប់អតីតដៃគូនយោបាយពុករលួយដាក់ពន្ធនាគារ ផងដែរ។

ថ្វីត្បិតមានការសន្យាពីលោក Pacquiao យ៉ាងណាក្ដី ក៏ប្រជាជនហ្វីលីពីន ភាគច្រើនបានងាកទៅបោះឆ្នោតគាំទ្រ កូនប្រុសអតីតមេដឹកនាំផ្ដាច់ការត្រកូល Marcos ដោយពេលនេះលោក Ferdinand Marcos Jr កំពុងឈរនៅលំដាប់កំពូល នឹង ត្រូវបានគេសន្និដ្ឋានថា លោក​អាចជាប់ឈ្មោះជាប្រធានាធិបតីថ្មី ដែលបន្ដតំណែងពីលោក Rodrigo Duterte៕

ប្រភព៖ Twitter

Share.