ឯកឧត្តម លី រស្មី ដែលជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ។ 

ការប្រកាសតែងតាំងជា រដ្ឋលេខាធិការខាងលើនេះ មានការកត់សម្គាល់ឃើញថា កើតឡើងបន្ទាប់ពី ឯកឧត្តម លី រស្មី ទទួលរ៉ាប់រងដំណើរការសាងសង់ចេតិយបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

យោងតាមហ្វេសប៊ុករបស់ លោកខាន់ ចាន់សុផល ក្នុងអំឡុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យដោយផ្ទាល់ដំណើរការសាងសង់ មើលឃើញថា ឯកឧត្តម លី រស្មី កំពុងដឹកនាំយ៉ាងប្រញាប់ប្រញាល់នៅក្នុងការសាងសង់ទីបញ្ចុះសពរហូតឈានដល់ការប្រារព្ធពិធីបញ្ចុះសពនៅថ្ងៃទី០៩ ខែឧសភា ។ យ៉ាងណាក៏ដោយ នៅមានកិច្ចការច្រើនទៀតដែលក្រុមការងារជំនាញដឹកនាំដោយឯកឧត្តម លី រស្មី នឹងត្រូវធ្វើឲ្យរួចរាល់សម្រាប់ទីបញ្ចុះ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង គឺការសាងសង់ចេតិយចេតិយឲ្យរួចរសល់ក្នុងពេលឆាប់ៗនេះ ។ 

ឯកឧត្តម លី រស្មី បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកស្ថាបត្យកម្មពីប្រទេសរុស្សី។ មានពិសោធន៍ជិត២០ឆ្នាំ ក្នុងវិស័យសំណង់ ។ ឯកឧត្តម លី រស្មី ជាស្ថាបត្យករដ៏ឆ្នើមមួយរូប ដែលមានស្នាដៃលេចធ្លោជាច្រើន ដូចជាអគារស្នាក់ការក្រសួងដែនដី នគរូបនីយកម្មថ្មី, ទីស្តីការក្រសួងបរិស្ថាន, អគារស្នាក់ការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងការរចនាបដិមាធំៗដែលត្រូវបានដំឡើងនៅក្នុងខេត្តព្រះសីហនុ នាពេលថ្មីៗនេះ។ 

រាល់ស្នាដៃស្ថាបត្យកម្ម របស់ខ្លួន ឯកឧត្តម លី រស្មី តែងតែបញ្ចូលនូវរចនាបថ និងអត្តសញ្ញាណខ្មែរ។ ការណ៍ដែលលោក តែងដាក់បញ្ចូលការរចនាប្លង់អគារ ឬបដិមា លាយឡំ រចនាបទខ្មែរ និងបែបទំនើប គឺលោកចង់ រំលេចនូវស្ថាបត្យកម្មដ៏ល្អប្រណិតរបស់ខ្មែរ និងចង់ឱ្យស្ថាបត្យកម្មបុរាណមានភាពពេញនិយម និងរស់រវើកឡើងវិញ ៕

Share.