រាជធានី​ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងក្នុងស្ថានភាពល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកឡើងខឿនសួនច្បារបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ១១ ខែឧសភា​ ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ១១៨ កែងជាមួយនឹងផ្លូវមហាវិថីព្រះស៊ីសុវត្ថិ​ សង្កាត់ផ្សារកណ្ដាលទី ១​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យបានដឹងថា៖​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរី​ទំនើប​ម៉ាក BMW  មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-7826 បេីកបរ​ដោយ​បុរស​ម្នាក់​ បានធ្វើដំណើរតាមមិនដល់ផ្លូវ ១១៨ ក្នុងទិសដៅពីលិចទៅកើត។ 

លុះពេល​ធ្វើ​ដំណើរ​មកដល់ត្រង់ចំណុចកើតហេតុកែងនឹងផ្លូវមហាវិថីព្រះស៊ីសុវត្ថិ​ ដោយបើកបរក្នុងស្ថានភាពស្រវឹង​ ល្បឿន​បោះពួយយ៉ាងលឿនថែមទាំងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលបុកឡើងខឿនសួនច្បារពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតចំផ្នែកខាងមុខស្ទើរទាំងស្រុង។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែងរួចបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំ​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​នៅ​ពេលក្រោយ​បន្តទៀត​ផងដែរ​៕

Share.