រាជធានី​ភ្នំពេញ៖ ក្មេងតូចពីរនាក់រងរបួសដើមឈើមួយដើមបាក់រាបដល់ដី ឯរទេះលក់គុយទាវពីររទេះ និងបន្លែជាច្រើរាយប៉ាយពេញលើចិញ្ចើមផ្លូវក្រោយនារីពីរនាក់បើករថយន្ដសេរីទំនើបបុករះនៅសង្កាត់ផ្សារដើមគ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែឧសភា​ ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយបានដឹងថា៖​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ មួយគ្រឿង​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​ 2V-6686  បើក​ដោយ​នារី​ម្នាក់​និង​ម្នាក់​ទៀត​រួម​ដំណើរ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង។ 

លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុដោយបើកបរក្នុងស្ថានភាពបោះពួយយ៉ាងលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតមកខាងស្ដាំបុកដើមឈើបាក់អស់​ចំនួន​១​ដើម​ និង​បន្ត​ជ្រុល​ទៅបុក​រទេះលក់មីស៊ុប​ខ្ទាត​ទឹក​ស៊ុប​រលាក​ក្មេង​តូច​ចំនួន​២​នាក់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​។ 

រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏បន្តទៅបុក​កន្លែង​លក់បន្លែ​បន្ថែម​ទៀត​បណ្ដាល​ឲ្យ​រថយន្ត​រងការ​ខូច​ខាត​ចំផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែង​ និងបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាទៅតាមសន្តិវិធីផ្លូវច្បាប់នៅពេលក្រោយបន្តទៀតផងដែរ៕

Share.