
កីឡាករឃីកបុកស៊ីងកម្ពុជា ៤នាក់ ក្នុងនោះបានទទួលជ័យជម្នះ ៣នាក់ និងកក់កន្លែងសម្រាប់ការប្រកួតដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ។
កីឡាករ ទូច រ៉ាឆាន់ (បឹត សង្ឃឹម) បានឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសហើយ បន្ទាប់ពីឈ្នះកីឡាករម៉ាឡេស៊ី Seaw Wei Sheng ក្នុងពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយពិន្ទុប្រភេទទម្ងន់ ៥៧គីឡូក្រាម។

ចូលដល់គូទី២ របស់កម្ពុជា កីឡាករ លន់ បញ្ញា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដូចគ្នា បន្ទាប់ពីទទួលបានជ័យជម្នះដោយពិន្ទុ លើកីឡាករថៃ Rodnok Ophat ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់វិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម។
បន្ទាប់មកទៀត កីឡាករ កាន់ ម៉េងហុង ដែលបានវាយកីឡាករម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahman រហូតដល់អាជ្ញាកណ្ដាលរាប់ម្ដងនោះ ក៏បានយកឈ្នះដោយពិន្ទុ ក្នុងវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម។
ខណ:គូចុងក្រោយ គឺកីឡាករ សាន រ៉ាគីម បានរងបរាជ័យក្រោមថ្វីដៃកីឡាករថៃ Santidongsakun Chaleamlap ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម ដែលជាហេតុធ្វើឱ្យ សាន រ៉ាឃីម ទទួលបានត្រឹមមេដាយសំរឹទ្ធ។
គិតត្រឹមពេលនេះ កីឡាករកម្ពុជា ៣រូបរួមមាន ទូច រ៉ាឆាន់, កាន់ ម៉េងហុង និងលន់ បញ្ញា បានឡើងវគ្គផ្តាច់ព្រ័ត្រ ដើម្បីត្រៀមប្រកួតដណ្ដើមមេដាយមាស នៅថ្ងៃទី១៣ ខែឧសភា៕


