ថៃ- ថ្មីៗ នេះតារាសម្ដែងដែលធ្លាប់បានបួសរៀននិងសិក្សាធម៌ជាច្រើនលើកច្រើនសារ ដូចជាតារាសម្ដែងកូនកាត់ចិន-ថៃ Jason Young បានបង្ហោះនៅលើ Instagram ឆ្លើយតបសំនួររឿងអ្នកចង់បួស តែខ្លាចមានអារម្មណ៍ផ្លូវភេទ គួរធ្វើបែបណាល្អ? ដោយលោកបានណែនាំយ៉ាងវែងអន្លាយព្រមទាំងហាមដាច់ខាតកុំធ្វើរឿងមួយ។
លោក Jason បានលើកឡើងថាមានមនុស្សជាច្រើនមានការសង្ស័យ ចង់បួសតែខ្លាចពេលមានអារម្មណ៍ខាងផ្លូវភេទ គួរធ្វើយ៉ាងណា?

វិធីសាស្ត្រនោះគឺ៖ បង្អែម, សូកូឡា, ទឹកឃ្មុំ ទឹកសណ្ដែក, ទឹកដោះគោ អាហារទាំងអស់នេះមានចំណែកជួយជំរុញផ្លូវភេទ ដូច្នេះគួរតែទទួលទានតិចតួច ឬទទួលទានល្មមៗបានហើយ។ មុនទទួលទានអាហារគួរតែពិចារណាជានិច្ច ថាគួរទទួលទានអាហារនេះដើម្បីរស់នៅធ្វើសេចក្ដីល្អបន្តទៀត មិនមែនដើម្បីបំពេញបំប៉ន ចំណង់ កិលេសតណ្ហា និង ឧបដ្ឋាននោះឡើយ គោលដៅនោះគឺឱ្យទទួលទានអាហារយ៉ាងមានសតិបញ្ញា។
រៀនដើរសង្ក្រមភាវនាញឹកញាប់ ដោយទន្ទេញពាក្យពុទ្ធោនៅក្នុងចិត្តរាល់ថ្ងៃ។ បើសិនចិត្តនោះចាប់ផ្ដើមរវើរវាយឱ្យបញ្ឈប់ចិត្តនោះជាបន្ទាន់ដោយការកំណត់ពាក្យថា «ពុទ្ធោៗ» នៅក្នុងចិត្តឱ្យញាប់ស្អេកដូចគេបាញ់កាំភ្លើងចេញជាច្រើនកាណុង។ ចូរដើរសង្ក្រមភាវនាជារឿយៗ ឆ្លាស់គ្នាជាមួយនឹងការអង្គុយសមាធិ រហូតអារម្មណ៍រវើរវាយបាត់។

សម្រាប់អ្នកប្រតិបត្តិបែបតឹងរ៉ឹងគឺយកវិធីសាស្ត្រគេង 4+1 មានន័យថាគេងពេលយប់៤ម៉ោង និងគេងពេលថ្ងៃ១ម៉ោង តែបើអនុវត្ត 4+1 មិនរួច ក៏មិនគួរទទួលទានដំណេកយូរពេកដែរ និយាយរួមគឺហាមគេងបែបមិនចេះគិតគឺគេងលើសពី៦ម៉ោង។
«គេងតិច ញ៉ាំតិច ប្រតិបត្តិធម៌ឱ្យច្រើន» ពុកម៉ែចាស់ព្រឹទ្ធាចារ្យលោកប្រៀនប្រដៅបែបនេះ គឺដើម្បីដុតបំផ្លាញភ្លើងលោកីយ៍កិលេសតណ្ហា ដើម្បីរក្សាព្រហ្មចារីយ៍ លាងសម្អាតចិត្តឱ្យមាំដើម្បីឱ្យចិត្តកាន់តែខ្ពង់ខ្ពស់មិនធ្លាក់ចុះមកក្រោម។
ចំណុចសំខាន់បំផុតដែលមិនគួរធ្វើនោះគឺកុំជឿសម្ដីរឿងជួយខ្លួនឯង បើសិនជាមានអារម្មណ៍ ការធ្វើបែបនេះគឺជាអំពើបាប ហើយមិនអាចជួយអ្វីបាននោះទេ ព្រោះការប្រព្រឹត្តិបែបនេះនឹងក្លាយជាទម្លាប់ ធ្វើឱ្យចិត្តមិនស្អាតស្អំ ហើយក៏ជាមាគ៌ានាំយើងទៅកាន់ការប្រព្រឹត្តិខុសដដែលៗរហូតឈានដល់ការរួមសង្វាសជាមួយអ្នកណាម្នាក់ មិនថាជាស្ត្រី បុរស សត្វតិរិច្ឆាន អមនុស្សឬសាកសព តាមរយៈមាត់ ឬតាមរយៈអ្វីមួយក៏ដោយចុះ។

សូមកុំសម្រេចកាមដោយខ្លួនឯង សូមរក្សាចិត្តឱ្យមាំហាមចិត្តជាដាច់ខាត យកល្អកុំទុកទូរសព្ទជាប់ខ្លួន ចូរទន្ទេញពាក្យពុទ្ធោរាល់ពេលដែលចិត្តច្របូកច្របល់ចាប់លែងឈ្នះ។ ពេលដែលចិត្តផ្ដើមរសាប់រសល់ចូរក្រោកឡើងហើយដើរសង្ក្រមភាវនា ឬអង្គុយសមាធិ មិនអីចឹងអាចទៅឈរហាលថ្ងៃ តែមិនកើតទេអាចទៅអង្គុយស្ងប់សតិអារម្មណ៍មុខព្រះពុទ្ធរូប នៅមុខព្រះ កិលេសមិនហ៊ានក្រោកនោះទេ។
ចូរកុំសង្ងំតែនៅក្នុងកុដិ ចេញមកដើរសង្ក្រមនៅខាងក្រៅដើម្បីរំងាប់ភាពរសាប់រសល់ ជាពិសេសកុំបណ្ដោយចិត្តឱ្យរវើរវាយភ្លើតភ្លើននឹងកាមតណ្ហា។ ប៉ុន្តែបើសិនជាអាចយកឈ្នះវាបានហើយនោះសូមកុំប្រមាថ ព្រោះវានឹងរកវិធីត្រលប់មកវិញ ព្រោះចិត្តយើងមិនទាន់រឹងមាំឬចិត្តដែលកាត់ផ្ដាច់អស់កិលេសតណ្ហា។

Jason បានបញ្ជាក់ខ្លីៗខ្លឹមបន្ថែមទៀតថា បើសិនជាចង់បួសយូរ គួរតែហ្វឹកហាត់ខ្លួនឯង សាកមើលមិនមាន Sex ឬជួយខ្លួនឯងមួយខែ រួចហើយចាប់ផ្ដើមបន្តទៅជា ២,៣,៤ ខែ រួចហើយសង្កេតខ្លួនឯង បើសិនធ្វើបានចូរធ្វើសន្សឹមៗរហូតដល់ប្រាកដចិត្តថាអាចគ្រប់គ្រងបាន រួចចាំទៅបួសក៏បាន តែបើមិនបានទៅបួសទេ ក៏ចាត់ទុកថាបានបួសហើយ នោះគឺការ «បួសចិត្ត» ខ្លួនឯង៕
ប្រភព៖ teenee

