ស្វាយរៀង ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ពីរករណីផ្ទួនៗលើទីតាំងតែមួយ រវាងរថយន្តកុងតឺន័រ បើកបុកជាមួយរថយន្តកូរ៉ូឡា ច្រាសទិស សមត្ថកិច្ចចុះទៅមិនទាន់ដល់ផង ស្រាប់តែមានម៉ូតូហុងដាឌ្រីម បើកបុករថយន្តកូរ៉ូឡាបន្ថែមទៀត។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-4528 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4-A5512 ដឹកទូកុងតឺន័រ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយរថយន្តច្រាសទិស ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-4897 បើកបរដោយឈ្មោះ សួស តាក់ច័ន្ទធីតា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្តាលឲ្យខូចខាតធ្ងន់ នៅកណ្តាលផ្លូវ មិនទាន់ទាំងយកចេញផង ស្រាប់តែមានម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នា២នាក់ប្តីប្រពន្ធ ពីកើតទៅលិច លឿនជ្រុលទៅបុករថយន្តកូរ៉ូឡាបន្ថែមទៀត បណ្តាលឲ្យស្លាប់ប្តី ហើយប្រពន្រងរបួសធ្ងន់ធ ដោយឃើញសភាពមិនស្រួល អ្នកបើកបររថយន្តទាំង២គ្រឿងនាំគ្នាគេចខ្លួនបាត់អស់។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះទាំង២នាក់ ប្តីមានឈ្មោះ កែវ ចាន់រ៉ា អាយុ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងប្រពន្ធ រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្ត២គ្រឿង អ្នកបើកបរគេចខ្លួនបាត់អស់ និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Share.