ព្រះវិហារ ៖ ផ្ទះឈើប្រក់ក្បឿង ថ្មក្រោម មួយកន្លែងជួលឲ្យធនាគារឯកជន អ៊ូរី ត្រូវបានភ្លើងឆាបឆេះគ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គុន សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ បានជួលឲ្យទៅធនាគារឯកជន អ៊ូរី សាខាស្រុកជាំក្សាន្ត ដែលមានអ្នកគ្រប់គ្រងធនាគារ ឈ្មោះ សុខណា សំណាងឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ។
សមត្ថកិច្ចបញ្ជាក់ថា ផ្ទះដែលត្រូវភ្លើងឆេះ មានទំហំ៦ម៉ែត្រ×១៨មែត្រ ប្រភេទសំណង់ថ្មក្រោមឈើលើជញ្ជាំងបាំងក្តារដំបូលប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆេះ ផ្តើមចេញពីទុស្សេចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍នោះ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចេញទៅជួយអន្តរាគមន៍ ហើយចំពោះសម្ភារៈ លុយកាក់ខាតបង់ ខាងសាខាធនាគារ ឬខាងសមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ពីទំហំនៃការខូចខាតឡើយ តែផ្ទះនិងសម្ភារៈក្នុងផ្ទះត្រូវបានភ្លើងឆេះអស់ ៕

អត្ថបទ៖តាតុង សែនជ័យ
