ភ្នំពេញ: លោក ឆឹង ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ បានសម្រេចបើកសវនាការលើយុវជន២នាក់ករណី ឃាតកម្មគិតទុកជាមុន និងបទសមគំនិត សម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ ។
ជនជាប់ចោទរួមមាន៖១.ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ឃាត់ខ្លួនបាននៅស្រុងគិរីវង់ ខេត្តតាកែវ ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន ២.ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ភេទប្រុសអាយុ២៩ឆ្នាំ ឃាត់ខ្លួន បាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខ មណ្ឌលសុខភាព ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជា។
សូមបញ្ជាក់ថា ក្នុងសំណុំរឿងនេះលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២រសៀលដើម្បីប្រកាសសាលក្រម។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងដកហូតវត្ថុតាងរួមមាន៖
១.ទូរស័ព្ទម៉ាក OPPO
២.ខ្សែដៃ ផ្លាកទីន
៣.ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ស្លាកលេខត្បូងឃ្មុំ 1H 1406 (របស់ជនរងគ្រោះ)។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ខាងលើនៅដំណាក់កាលសមត្ថកិច្ចបានឆ្លើយថា : នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស ប្លន់យកម៉ូតូ, ខ្សែករមាស, ជញ្ជៀន, ខ្សែដៃមាស និងទូរស័ព្ទ ប្រាកដមែន ។ក្រោយពីធ្វើសកម្មភាពរួចពួកខ្លួនបានចែកសំភារៈគ្នា ក្នុងនោះឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកចិញ្ចៀនមាស និងខ្សែក ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង ៕
អត្ថបទ៖ចតុមុខ
