កំពង់ធំ៖ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំបានថ្លែងថា ប្រធានអង្គភាពទាំងអស់ត្រូវរៀបចំធ្វើផែនការឲ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់អង្គភាព។
លោក បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ដោយមានការចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុកទាំង ៩។

លោកបន្តថាការធ្វើផែនការអភិវឌ្ឍ ៥ ឆ្នាំជាឯកសារដែលរៀបចំឡើងដោយមានការប្រមូលផ្ដុំធាតុចូល ពីគ្រប់ស្ថាប័ នអង្គភាព និងអ្នកពាក់ព័ន្ធក្នុងគោលបំណងស្វែងយល់រួមគ្នាពីរសក្តានុពលធនធាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយនានា ដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍ និងក្របខ័ណ្ឌវិនិយោគសម្រាប់អាណត្តិ ៥ ឆ្នាំរបស់ក្រុមប្រឹក្សាហើយឯកសារនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់រៀបចំសកម្មភាព និងថវិកាប្រចាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។
លោក ថា អស់លោក លោកស្រីដែលជាតំណាងស្ថាប័នអង្គភាពជំនាញជាពិសេសក្រុង ស្រុក ដែលធ្វើការងារផ្ទាល់ជាមួយ ឃុំ សង្កាត់ និងប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ពិនិត្យពិចារណាអោយបានច្បាស់លាស់ក្នុងការវិភាគពីស្ថានភាពបច្ចុប្បន្ន កំណត់បញ្ហា និង តម្រូវការអាទិភាពដើម្បីជាធាតុចូលក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។

លោកបញ្ជាក់ថា ការធ្វើផែនការនេះមិនមែនអ្នកធ្វើផែនការអង្គុយគិត សរសេរតែម្នាក់ឯងនោះទេ ត្រូវប្រឹក្សាឆ្លងយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីឲ្យផែនការរបស់ខ្លួនបានល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់អង្គភាព ព្រោះថាប្រធានអង្គភាពជាអ្នកទទួលខុសត្រូវ៕

