ព្រះវិហារ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ស្រាវជ្រាវតាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើបុរសម្នាក់ ជាអ្នកដើរទិញអេតចាយចំនួន៥កាំបិតបណ្តាលឲ្យស្លាប់ ហើយរត់គេចចូលព្រៃលាក់ខ្លួនអស់៣ថ្ងៃទើបចាប់ខ្លួនបាន។

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ជិតជើងភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុំ ថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ពាក់ព័ន្ធករណីកាប់បុរស់ម្នាក់បណ្តាលឲ្យស្លាប់។
ជនរងគ្រោះ ឈ្មោះ ទុយ ទឺ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើរទិញអេតចាយ ស្នាក់នៅក្នុងខេត្តព្រះវិហារ មានស្រុកកំណើត នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះ បើកម៉ូតូសណ្តោងរុឺម៉កដើរទិញអេតចាយ តាមផ្លូវជាតិលេខ៦២ លុះដល់មុខផ្ទះរបស់ជនសង្ស័យ ដោយសារអាកាសធាតុក្តៅពេក ក៏ឈប់ទិញទឹករបស់ប្រពន្ធជនសង្ស័យហូបសិន ស្រាប់តែជនសង្ស័យប្រើប្រាស់ជំពាមកៅស៊ូបាញ់លើជនរងគ្រោះ តែមិនត្រូវ មិនបានចាប់អារម្មណ៍ ស្រាប់តែជនសង្ស័យប្រដាប់ដោយកាំបិតកាប់លើជនរងគ្រោះចំនួន៥កាំបិត បណ្តាលឲ្យស្លាប់ ដោយសង្ស័យ និងចោទថា ជនរងគ្រោះលួចស្រឡាញ់ប្រពន្ធខ្លួន ទាំងមិនដែលស្គាល់គ្នាផង។

ប្រភពបានបន្តទៀតថា ក្រោយពីសម្លាប់ជនរងគ្រោះហើយ ជនសង្ស័យបានរត់គេចចូលសង្ងំលាក់ខ្លួនក្នុងព្រៃជើងភ្នំត្បែង អស់រយៈពេល៣ថ្ងៃ ទើបកម្លាំងអាវុធហត្ថ ស្រុក ខេត្ត ស្រាវជ្រាវចាប់ខ្លួនបាន នៅរសៀលថ្ងៃទី១១ ខែឧស ភា ឆ្នាំ២០២២។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យជាមនុស្សសរសៃប្រសាទ និងប្រើប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំ។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រវិហារ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមផ្លូវច្បាប់៕

