ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមនុស្ស៥នាក់ ដាក់ពន្ធនាគាររាជធានីភ្នំពេញ(PJ)ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត(កាន់ដាវ និងកាំបិត ជំពាមកៅស៊ូ)។ចំណែកមនុស្ស៦៦នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ កោរសក់ធ្វើការអប់រំអោយវិលត្រឡប់ទៅផ្ទះវិញ។

ជនត្រូវចោទ១.ឈ្មោះ កៅ សុវណ្ណារិទ្ធ ហៅម៉ី ភេទប្រុសអាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ,២.ឈ្មោះ គឹម កក្កដា ភេទប្រុសអាយុ១៥ឆ្នាំ , ៣.ឈ្មោះ ហៀង លឹមហាក់ ភេទប្រុសអាយុ១៨ឆ្នាំ ៤.ឈ្មោះ ថុង សុគុណ ភេទប្រុសអាយុ ១៩ឆ្នាំជាកម្មករ រោងចក្រនិង៥.ឈ្មោះ ស្រ៊ាង ភក្កី ភេទប្រុសអាយុ១៨ឆ្នាំ ជាកម្មករ រោងចក្រ ។
ជនត្រូវចោទទាំង៥នាក់ នោះស្ថិតក្នុង ចំណោមបក្សពួកចំនួន ៧១នាក់ ដែល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនខណៈពេល ដែល ប្រមូល ផ្តុំគ្នា ត្រៀម ប្រើហឹង្សាទៅលើ គូជម្លោះរបស់ខ្លួន។ ដោយឡែក មនុស្សចំនួន ៦៦នាក់ទៀត ត្រូវបានសមត្ថកិច្ចកោសក់ហើយអញ្ជើញ ឪពុកម្តាយ បងប្អូនអោយមក ធានាយកទៅអប់រំ ។

គួរបញ្ជាក់ថា យុវជនទំនើង ចំនួន៧១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១២និង៤០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង តាមផ្លូវលេខ ១៩៦៦ក្នុងភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលពួកគេណាត់ជួប ប្រមូលគ្នា ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ជំពាមកៅស៊ូ ប្រុងប្រើហឹង្សា ទៅលើដៃគូទំនាស់។
សមត្ថកិច្ច ក៏បានដកហូតម៉ូតូចំនួន២៨គ្រឿង និង ដាវ កាំបិត ប៉័ងតោ និងជំពាមកៅស៊ូ ដែលពួកគេបានលាក់ទុកក្នុងព្រៃ៕

អត្ថបទ៖ចតុមុខ
