សម្ដេចតេជោក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក

ពីវេទិកាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅលើទឹកដីសហរដ្ឋអាមេរិកកាលពីព្រឹកមិញនេះ ដែលត្រូវនឹងពេលវេលានៅប្រទេសកម្ពុជានោះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់អំពីគុណតម្លៃ និងតួនាទីដ៏មានសារៈសំខាន់នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលបានភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធអនឡាញអាចនិយាយ ស្ដាប់ និងមើលឃើញគ្នាបាន នៅក្នុងគ្រាដែលមនុស្សជាតិធ្លាក់ក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្រ្តីដែលត្រូវបានកត់សម្គាល់ថាជាឥស្សរជនកំពលមានការផ្សារភ្ជាប់ខ្លួនយ៉ាងឆាប់រហ័សទៅនឹងបច្ចេកវិទ្យាអនឡាញនេះ បានចាត់ថាភាពជឿនលឿននៃបច្ចេកវិទ្យាអនឡាញថាជាភព្វសំណាងមួយ ក្នុងន័យដើមថា«ជាភព្វសំណាងយើងហើយដែលបច្ចេកវិទ្យាព័ត៌មាន ពិសេសខាងផ្នែកអនឡាញវាបានកើតមុនសម័យកូវីដ-១៩។ ប្រសិនបើប្រព័ន្ធអនឡាញនេះមិនបានកើតមុនដំណាក់កាលកូវីដទេ ប្រហែលជាពិភពលោកលំបាក។ ប៉ុន្តែនៅពេលដែលកូវីដបានចាប់ផ្ដើម វាក៏បង្កលក្ខណៈឱ្យមានការជឿនលឿនខាងបច្ចេកវិទ្យា»។

សូមបញ្ជាក់ថាសម្រាប់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ស្រួចស្រាវកន្លងមកនោះ ថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោផ្ទាល់  ព្រមទាំងមន្រ្តីជាន់ខ្ពស់ រាប់ចាប់តាំងពីសមាជិកគណៈរដ្ឋមន្រ្តី អ្នកនាំពាក្យក្រសួងសុខាភិបាល អភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងថ្នាក់ដឹកនាំក្នុងជួរកងកម្លាំងគ្រប់ប្រភេទ និងគ្រប់ថ្នាក់ សុទ្ធតែបានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងអនឡាញដើម្បីដឹកនាំ បញ្ជាការ តាមដានការអនុវត្ត​វិធានការបន្ទាន់ៗមួយចំនួនដើម្បីប្រយុទ្ធនឹងជំងឺឆ្លងនេះ។

ជាការកត់សម្គាល់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីដឹកនាំ បញ្ជា តាមដាន ទំនាក់ទំនង និងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នេះ នៅកម្ពុជាត្រូវបានប្រើប្រាស់យ៉ាងពេញនិយមតាមប្រព័ន្ធតេឡេក្រាម វ័តស្អេប និងហ្វេសប៊ុកជាដើម។ កន្លងទៅរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ហើយភ្ជាប់ទៅវិទ្យុនិងទូរទស្សន៍ឯកជន ដើម្បីផ្សាយដំណឹងពាក់ព័ន្ធនឹងការដាក់ចេញវិធានការ ឬផ្ដល់ព័ត៌មានបន្ទាន់ណាមួយដល់សាធារណជន៕

Share.