
ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរលើទឹកដីសហរដ្ឋអាមេរិក ដែលត្រូវនឹងពេលវេលានៅកម្ពុជានាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបជូនជនរួមជាតិនូវព្រះរាជបណ្ដាំសួសុខទុក្ខពីព្រះករុណាជាអម្ចាស់ជីវិលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈ ផ្ញើជូនប្រជារាស្រ្តខ្មែរដែលនៅក្រៅប្រទេស ពិសេសជនរួមជាតិដែលបានជួបសំណេះសំណាលជាមួយសម្ដេចនាឱកាសនេះ។
បើតាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតា តែងបានផ្ដាំផ្ញើព្រះរាជសារសួរសុខទុក្ខតាមរយៈសម្ដេចជូនប្រជាពលរដ្ឋខ្មែរទាំងរស់នៅក្នុងប្រទេស និងនៅក្រៅប្រទេស។ នៅក្នុងឱកាសសំណេះសំណាលជាមួយពលរដ្ឋខ្មែរលើទឹកដីអាមេរិកនេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យជនរួមជាតិខ្មែររស់នៅនាយសមុទ្រ ឆ្លៀតអញ្ចើញទៅលេងមាតុប្រទេសដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ។
កម្ពុជាបច្ចុប្បន្នមានប្រជាជនសរុបប្រមាណជាង១៦លាននាក់ ខណៈពលរដ្ឋខ្មែរជាពលករដែលធ្វើការនៅក្រៅប្រទេសដូចជាថៃ កូរ៉េ និងម៉ាឡេស៊ីជាដើមនោះ មានប្រមាណជាង១លាននាក់ទៀត។ នេះដោយមិនរាប់បញ្ចូលជនរួមជាតិខ្មែរដែលបានភៀសខ្លួនចេញទៅក្រៅប្រទេសដោយសារសង្គ្រាមស៊ីវិលផង៕


