
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ទៅកាន់ពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ក្នុងពិធីសំណេះសំណាលនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណាភាពដែនដី នៅតំបន់ព្រំដែនជាប់ប្រទេសវៀតណាម តាមយន្តការចរចាដើម្បីឈានទៅបញ្ចប់ការបោះបង្គោលព្រំដែនជាមួយយប្រទេសក្បែរខាងមួយនេះ។
ការឈានមកដល់ការប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពដែនដីនាពេលនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការអភ័យទោសអ្នកចូលរួម ចំពោះការមកដល់កន្លែងប្រារព្ធពិធីសំណេះសំណាលយឺតជាងការគ្រោងទុក ដោយសារសម្ដេចជាប់ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម។ នាយករដ្ឋមន្រ្តីវៀតណាមដែលក៏បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកជាមួយសម្ដេចតេជោ និងបណ្ដាមេដឹកនាំប្រទេសសមាជិកអាស៊ានផ្សេងទៀតដែរ។

សម្ដេចបានមានប្រសាសន៍ថា«អ៊ីចឹងក្នុងចំណុចនេះ ខ្ញុំគួរតែនិយាយបន្តិចថា បើគង់តែឱ្យដីគេដដែល ចាំបាច់ចរចាយូរឆ្នាំម្លេះ? និយាយគ្នាឱ្យច្បាស់កន្លែងហ្នឹង! ចាំបាច់អីទៅចុះហត្ថលេខាម្ដងបាន៨៤ភាគរយ ឥលូវសម្រេចបាន៦ភាគរយទៀត ហើយឯកភាពគ្នាថានឹងទៅចុះហត្ថលេខានៅក្នុងឆ្នាំ២០២២ ដែលយើងត្រួតពិនិត្យបានច្បាស់លាស់ ហើយត្រូវបោះបង្គោលយ៉ាងត្រឹមត្រូវ ហើយបង្គោលនីមួយៗសុទ្ធតែចាប់តាមផ្កាយរណបបាន។ អ៊ីចឹងគេចេះតែថា ហ៊ុន សែន លក់ដីៗ តើដីកន្លែងណាដែលហ៊ុន សែន លក់។ បើគង់តែឱ្យដីគេដដែលចាំបាច់អីទៅចរចាធ្វើអី»។
សូមបញ្ជាក់ថាប្រទេសកម្ពុជា មានខេត្តជាប់ព្រំដែនជាប់ជាមួយប្រទេសវៀតណាមចំនួន៩ខេត្ត រួមមានខេត្តកណ្តាល តាកែវ ព្រៃវែងស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនៈគិរី និងកំពត និងមានប្រវែងសរុបប្រមាណ១២៧០គីឡូម៉ែត្រ។ តាមរយៈយន្តការចរចាទ្វេភាគី ប្រទេសទាំងពីរបានឈានដល់ការបោះបង្គោលព្រំដែនបានជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៦។ ទំនងដោយសារលទ្ធផលនៃការចរចា និងការបោះបង្គោលព្រំដែននេះហើយ ទើបបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាព្រំដែនលែងក្លាយជារបៀបវារៈនយោបាយរបស់ក្រុមអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល៕


