ប្រជាជនស្រីលង្កាជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅស្ថានីយ៍រថយន្ដក្រុង ក្នុងទីក្រុងកូឡុំបូ នាថ្ងៃព្រហស្បតិ៍ ទី ១២ ខែ ឧសភា នេះ ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តីលាលែងពីតំណែង ហើយបានភៀសខ្លួនចេញទៅមូលដ្ឋានទ័ពជើងទឹកនាភាគឥសាន្ដប្រទេស ខណៈប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានព្រមានពីការធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ ចំពោះភាពវឹកវរដែលប្រទេសនេះកំពុងជួបភាពតានតឹងខ្លាំងក្នុងសប្ដាហ៍នេះ។

ប្រទេសដែនកោះនៅភាគខាងត្បូងប្រទេសឥណ្ឌា ដែលមើលរំលងផ្លូវដឹកជញ្ជូនរវាងអឺរ៉ុប និង អាស៊ី កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យ។

អំពើហិង្សាបានផ្ទុះឡើងនាថ្ងៃច័ន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីអ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តី Mahinda Rajapaksa ដែលជាបងប្រុសរបស់ប្រធានាធិបតី បានវាយប្រហារជំរុំតវ៉ាក្រុមប្រឆាំងរដ្ឋាភិបាលនៅទីក្រុងកូឡុំបូ។

បន្ទាប់ពីនោះ អំពើហិង្សាសងសឹកក៏បានផ្ទុះឡើង ប្រឆាំងនឹងឥស្សរជនរដ្ឋាភិបាលដែលនៅអែបអបតាមត្រកូល Rajapaksa។ កងទ័ពត្រូវបានដាក់ពង្រាយក្នុងទីក្រុង ដើម្បីល្បាតតាមដងផ្លូវ មកទល់ពេលនេះកងទ័ពបាននិយាយថា មនុស្សចំនួន ៩នាក់បានស្លាប់ និង ជាង ៣០០នាក់ទៀត រងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ។

មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅស្ថានីយ៍រថយន្ដក្រុងដ៏សំខាន់នៅក្នុងរដ្ឋធានីពាណិជ្ជកម្មកូឡុំបូ បន្ទាប់ពីអាជ្ញាធរបានលុបចោលបម្រាមគោចរនៅពេលម៉ោង ៧:០០ព្រឹក ប៉ុន្ដែបម្រាមគោចរនឹងត្រូវបានដាក់ឲ្យអនុវត្តឡើងវិញនៅម៉ោង ២:០០រសៀល (ម៉ោងនៅក្នុងស្រុក)។

ផ្លូវនានាក្នុងទីក្រុងកូឡុំបូមានភាពស្ងប់ស្ងាត់ ដោយមានមនុស្សមួយចំនួនបានចេញទៅទិញសំភារៈសំខាន់ៗ ខណៈដែលបញ្ហានៃការកង្វះខាតប្រេងឥន្ទនៈនៅតែបន្ដដោយវាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

ទន្ទឹមនឹងគ្នានេះដែរ លោកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បាននិយាយថា លោកនឹងតែងតាំងនាយករដ្ឋមន្រ្តីថ្មី ក៏ដូចជានឹងរៀបចំគណៈរដ្ឋមន្រ្តីថ្មីនៅសប្ដាហ៍នេះ ដើម្បីការពារប្រទេសពីភាពអនាធិបតេយ្យ និង ដើម្បីរក្សាកិច្ចការរបស់រដ្ឋាភិបាលក្នុងអាណត្តិអតីតនាយករដ្ឋមន្រ្តីផងដែរ៕

ប្រភព៖ CNA

Share.