ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការនិងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំណុះក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា(ក.យ.គ) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាប្រធានក្រុមការងារយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យបានរាយការណ៍អំពីលទ្ធផល សំខាន់ៗដែលក្រុមការងារសម្រេចបាន។លទ្ធផលការងារទាំងនោះមានដូចជាការរៀបចំរចនាសម្ព័ន្ធនិងសមាសភាព ការចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តNUM ឆ្នាំ២០២ បញ្ជូនក្រុមការងារចូលរៀនវគ្គសិក្សាស្តីពីការបញ្ចូលសមាជិកតាម App ស.ស.យ.ក. ផ្សព្វផ្សាយលើកទឹកចិត្តឱ្យនិស្សិតចុះឈ្មោះចូលជាសមាជិក ស.ស.យ.ក. និងបានណាត់ជួបណែនាំនិស្សិតឱ្យយល់ដឹងអំពីវិធីចុះឈ្មោះតាមរយៈ App។

ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យបានមានប្រសាសន៍នាឱកាសនោះថាសកម្មភាពរបស់សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យបានដើរតួនាទីសំខាន់ក្នុងការរួមចំណែកជួយដល់និស្សិតពង្រឹងសមត្ថភាពទំនាក់ទំនង ការដោះស្រាយបញ្ហា ការដឹកនាំ និងការចូលរួមការងារសហគមន៍ ធ្វើឱ្យនិស្សិតកាន់តែយល់ច្បាស់ថាយុវជនម្នាក់ៗ គឺជាតួអង្គសំខាន់ក្នុងការចូលរួមចំណែកជួយកិច្ចការសង្គម មិនមែនបញ្ហាសង្គមនោះទេ។

ឯកឧត្តមក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.) ដែលបានបង្កលក្ខណៈដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាគ្រឹះ ស្ថា ន ឧត្ត មសិក្សាដំបូងគេ ក្នុងចំណោមគ្រឹះស្ថានសិក្សាចំនួន១១៤ ដើម្បីធ្វើការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិកនិងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាឱកាសនោះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានគូសបញ្ជាក់ជូនអង្គពិធីថាសហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់ផ្ដើមធ្វើសកម្មភាពជាប្រវត្តិសាស្ត្ររបស់ខ្លួនតាំងពីឆ្នាំ២០១២ ដើម្បីបន្តពីសកម្មភាពអតីតយុវជនរៀមច្បង ដោយរហូតមកដល់ពេលនេះ ស.ស.យ.ក. បានពង្រីកសកម្មភាពជាច្រើន គ្រប់រាជធានី-ខេត្ត ដូចជាសកម្មភាពចូលរួមអប់រំនិងបណ្តុះមនសិការយុវជន សកម្មភាព ផ្នែកវប្បធម៌ មនុស្សធម៌ សប្បុរសធម៌ ការចូលរួមជួយសង្គ្រោះក្នុងគ្រោះមហន្តរាយនានា ការចូលរួមជួយការងារ សហគមន៍ជាដើម។

ឯកឧត្តមថាដើម្បីជួយបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀតកាលពីខែកុម្ភៈ ឆ្នាំ២០២១ ស.ស.យ.ក. បានបង្កើតអង្គភាព ចំណុះបន្ថែមមួយគឺ«ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក»ដែលដឹកនាំដោយឯកឧត្តម ស សុខា ក្នុងគោលបំណងដើម្បីប្រមូលកម្លាំងយុវជនជួយសង្គមជាតិនិងប្រជាពលរដ្ឋ ចូលរួមចំណែកអប់រំយុវជនឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ និងក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្តានុពលរបស់ជាតិសម្រាប់បន្តវេន។

ឯកឧត្តមបានបន្ថែមថា ក.យ.គ ក៏មានគោលដៅបណ្តុះមនសិការយុវជនឱ្យស្រឡាញ់សន្តិភាព វប្បធម៌ អត្តសញ្ញាណជាតិ បរិស្ថាន ព្រមទាំងគាំទ្ររាល់សកម្មភាពរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា និងចូលរួមចំណែកក្នុងការអប់រំណែនាំនិងបញ្ចៀសយុវជនឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និង អំពើខុសច្បាប់នានា ព្រមទាំងណែនាំនិងតម្រង់ទិសយុវជនក្នុងការរៀបចំផែនការជីវិត ដើម្បីភាព ជោគជ័យនិងអនាគតភ្លឺស្វាងរបស់ពួកគេផងដែរ៕

Share.