នាថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅក្នុងពិធី​ជួប​សំណេះសំណាល​ជាមួយនឹង​សហគមន៍​ខ្មែរ​នៅ​អា​មេ​រិ​ក និង​ខ្មែរនៅ​កា​ណា​ដា​នៅរដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី សហរដ្ឋអាមេរិក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានសួរនាំដល់រកវត្តមាន វិរៈ​សិល្បករ​អាយ៉ៃ​ ព្រហ្ម ម៉ាញ និងសួរនាំពីស្ថានភាពសុខភាពរបស់លោកផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានផ្តល់​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​ជូនវិរៈ​សិល្បករ​អាយ៉ៃ​ ព្រហ្ម ម៉ាញ ក្នុងការប្រើប្រាស់សម្រាប់ព្យាបាលសុខភាព។ ភ្លាមៗនេះ ព្រហ្ម ម៉ាញ បានចេញមុខប្រាប់ទៅកាន់សម្តេច​តេ​ជោ ហ៊ុន សែន វិញថា ថវិការដែលលោកទទួលបាននោះ គឺតែ ២ម៉ឺនដុល្លារប៉ុណ្ណោះ ហើយការដែលលោកក្រោកឡើងទៅមុខអះអាងចំពោះមុខ សម្ដេចតេជោ បែបនេះ នោះក៏ព្រោះតែភរិយារបស់លោក ក៏បានមកចូលរួមដែរ ដើម្បីកុំឱ្យមានពាក្យថាលោកនិយាយកុហកភរិយា។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សុំ​ទោស​ចំពោះ​លោក ព្រហ្ម ម៉ា​ញ ដែល​និយាយ​ខុស​ថា ការ​ផ្តល់​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​ផង​ដែរ តែ​តាម​ពិត​សម្តេច​ផ្តល់​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការ​ព្យាបាល​ជំងឺ ។ សម្ដេចលើកឡើងថា «បើលោកនិយាយខុស ក៏លោកធ្វើការសុំទោសដែរ»។ ឆ្លៀតក្នុងឱកាសនោះដែរ លោក​ព្រហ្ម ម៉ា​ញ ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន ឡើង​ស័ក្តិ ខណៈ​ទើបតែទទួល​បាន​គោរមងាថ្មីៗ។

គេនៅចាំបានថា នាថ្ងទី១១ ខែមេសា ឆ្នាំ២០២២ ប្រមុខរដ្ឋ​ស្ដីទី​ សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ ឈុំ​ ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនវិរៈសិល្បករអាយ៉ៃ ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។

ដោយឡែកសម្តេច​ក៏មានប្រសាសន៍តបបែបកំប្លែងសើចថា បើ​ចង់បាន​ទាល់តែ​ផ្តល់​ឱ្យ​នៅ​ពេល​ទទួលមរណភាពដែល​គេ​ហៅ​ស័ក្តិ​ប​ច្ឆា​មរណៈ។ សម្តេច​មានប្រសាសន៍ថា អ្នក​ផ្តល់​ឱ្យ​តួនាទី​មុន​បែប​នេះ​មិន​ងាយ​ស្លា​.​ប់​ទេ ។ សម្តេច​តេ​ជោ ក៏​បាន​ឱ្យដឹង​ថា លោក​ព្រហ្ម ម៉ា​ញ សព្វថ្ងៃ​ឈ្មោះ​នៅ​ក្នុង​កងអង្គរក្សទទួល​បាន​ស័ក្តិ​៥៕

អត្ថបទទាក់ទង​៖

វិរៈ​សិល្បករ​អាយ៉ៃ​ ព្រហ្ម​ ម៉ាញ​ ទទួល​គោរមងារ​កិត្តិយស​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ពី​​ប្រមុខ​រដ្ឋ​ស្ដីទី!​

សភាព​ជំងឺ​ លោក​ ព្រហ្ម​ ម៉ាញ​ ធូរ​ស្រាល​បន្តិច​ហើយ ​ប៉ុន្ដែ​ពិបាក​ក្រោក​ពិសា​អាហារ​

ទោះ​ជា​សម្រាក​នៅ​លើ​គ្រែ​មន្ទីរ​ពេទ្យ​ លោក​គ្រូ​ ព្រហ្ម​ម៉ាញ​ នៅ​តែ​គិត​គូ​រ​ដល់​ការ​បង្រៀន​អាយ៉ៃ​ជា​បំណង​ចុង​ក្រោយ​មុន​អស់​ជីវិត​

វិរៈ​សិល្បករ​អាយ៉ៃ​ ព្រហ្ម ម៉ាញ​ ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​ សុខភាព​ល្អ​ ទឹក​មុខ​ស្រស់​បស់​ណាស់​

Share.