
ក្នុងជំនួបជាមួយលោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នាឱកាសអមដំណើរសម្ដេចតេជោទៅបំពេញបេសកកម្មការទូតនៅសហរដ្ឋអាមេរិកនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរំលឹកឡើងវិញអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីបើកផ្លូវឱ្យមានកិច្ចប្រជុំដែលមានការចូលរួមពីតួអង្គសំខាន់ៗនៅមីយ៉ាន់ម៉ា ក្នុងនោះក៏រួមទាំងលោកស្រី អោង សាន់ស៊ូជី ផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅអាធ្រាតថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថាឯកឧត្តម ប្រាក់ សុខុន ក្នុងជំនួបជាមួយលោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានរំលឹកអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្នើឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គដែលកំពុងស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ដូចជាលោកស្រី អោង សាន់ស៊ូជី និងលោកអតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញវឌ្ឍនភាពនៃអាទិភាពក្នុងការបញ្ឈប់អំពើហិង្សា ការផ្ដល់ជំនួយមនុស្សធម៌ និងកិច្ចការនយោបាយប្រកបដោយបរិយាប័ន្ន។
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានាឱកាសនោះ ក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិកផងដែរ ចំពោះការងាររបស់ប្រេសិតពិសេសពិសេសស្ដីពីបញ្ហាមីយ៉ាន់ម៉ា។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល កម្ពុជាក៏បានបង្ហាញការប្ដេជ្ញាចិត្តចំពោះវិធីសាស្រ្តដើរមួយជំហានម្ដងៗ និងការផ្ដោតលើសកម្មភាពជាក់ស្ដែង តាមរយៈយន្តការកសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ។
សូមបញ្ជាក់ថាចាប់តាំងពីក្រោយរដ្ឋប្រហារដោយក្រុមយោធាទំលាក់របបលោកស្រី អោង សាន់ស៊ូជី ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានបំពេញបេសកកម្មការទូត៣ដងហើយនៅប្រទេសមីយ៉ាន់ម៉ា។ លើកទី១គឺទស្សនកិច្ចដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន លើកទី២គឺអមដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងលើកទី៣បានទស្សនកិច្ចក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២។
នៅក្រោយទស្សនកិច្ចក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន កម្ពុជារួមជាមួយអគ្គលេខាធិការអាស៊ាន បានបើកិច្ចប្រជុំរួមគ្នាមួយនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសមីយ៉ាន់ម៉ា។ ក្រោយកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានប្រកាសគម្រោងបំពេញទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ាជាថ្មីទៀតដែរនៅក្រោយកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនេះ។
គួរតម្លឹកថាក្នុងជំនួបតាមប្រព័ន្ធទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីង អោងឡាំង ក៏បានបញ្ជាក់ជូនសម្ដេចតេជោនាយករដ្ឋមន្រ្តីជាថ្មីទៀត អំពីការប្ដេជ្ញាចិត្តសម្របសម្រួលឱ្យមានជំនួបរវាងប្រេសិតពិសេសប្រធានអាស៊ាន ជាមួយនឹងបណ្ដាតួអង្គពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ក្នុងនោះក៏រួមទាំងលោកស្រី ស៊ូជី ផងដែរ៕
