ភ្នំពេញ៖ ម៉ូតូធុនធំ១គ្រឿង បើកលឿនគេចមិនទាន់ជ្រុលបុកជាមួយម៉ូតូកង់បី បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅខណ្ឌកំបូល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨ៈ៥០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បី១គ្រឿងបានបើកបញ្ច្រាស ទិសពីលិចទៅកើត ដល់ចំណុចកើតហេតុបម្រុងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូធុនធំម៉ាកPhulca ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1FV-5315 ក្នុងល្បឿនលឿន គេចមិនទាន់ជ្រុលបុកពីចំហៀង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ រីឯម៉ូតូដាច់កង់មុខ ម៉ូតូកង់បីបាក់ដាច់កង់ឆ្វេង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តគ្លីកឯកជនដឹកយកទៅសង្គ្រោះ រីឯម៉ូតូនិងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចវាស់វែងរួចប្រមូលយកទៅរក្សាទុក រងចាំនិយាយដោះស្រាយគ្នានៅពេលក្រោយទៀត៕
អត្ថបទ៖តាតុង សែនជ័យ

