
«ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហរដ្ឋអាមេរិកចូ បៃដិន (Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)»។ នេះជាសម្រង់សំណេរដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។
បើតាមសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការថ្លែងផ្ទាល់មាត់ចេញពីប្រធានាធិបតីអាមេរិកនេះជាពាក្យដែលប្រធានាធិបតីរូបនេះនិយាយមុនគេ បន្ទាប់ពីការអានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ខណៈសម្ដេចអានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាន ហើយប្រធានាធិបតីឥណ្ឌូណេស៊ីអានសុន្ទរកថាក្នុងនាមប្រទេសសម្របសម្រួលអាស៊ាន-អាមេរិក។
ក្នុងសំណេតនោះដែរ សម្ដេចតេជោ ហ៊ុន សែន ថែមទាំងបង្ហាញការកត់សម្គាល់ចំពោះឥរិយាបថរបស់ប្រធានាធិបតីវ័យចំណាស់របស់អាមេរិកទៀតផង ដោយសម្ដេចបានគូសបញ្ជាក់ថា«គាត់ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរ ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ»។
មិនមែនតែប្រធានាធិបតីមហាអំណាចនោះទេដែលចូលរួមមរណទុក្ខសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង។ បើតាមសម្ដេច ថ្នាក់ដឹកនាំអាស៊ានក៏បានបន្តចូលរួមមរណទុក្ខជាថ្មីម្តងទៀតជាមួយសម្ដេច បន្ទាប់ពីបានបញ្ជូនសារលិខិតរំលែទុក្ខលើកមុន ហើយថាជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិក ក៏អ្នកសម្របសម្រួលកម្មវិធី បានឆ្លៀតសំដែងមរណទុក្ខក្នុងអង្គប្រជុំផ្លូវការផងដែរ។
សូមបញ្ជាក់ថាសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺគាំងបេះដូង នៅគេហដ្ឋានខេត្តកំពង់ចាម។ សពបានបញ្ចុះនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ពោលគឺមួយថ្ងៃមុនពេលសម្ដេចតេជោ ដឹកនាំគណៈប្រតិភូមកមកកាន់សហរដ្ឋអាមេរិក ដោយមិនបាននៅប្រារព្ធបុណ្យ៧ថ្ងៃនោះឡើយ៕
