ភ្នំពេញ ៖ រថយន្តTRITON មួយគ្រឿង បើកបរដោយបុរសជនជាតិចិន ក្នុងល្បឿនលឿនជ្រុលទៅបុកកន្ទុយរថយន្តកូរ៉េ របស់ក្រុមហ៊ុន សារុំត្រេឌីង ដឹកកាកសំណល់រោងចក្រ កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ខ្ទេចផ្នែកខាងមុខ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តម៉ាក TRITON ពណ៌ស ពាក់ស្លាកលេខ តាកែវ 2C-0008 បើកបរដោយបុរសជនជាតិចិន ក្នុងទិសដៅពីត្បូងទៅជើង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកកន្ទុយក្រោយរថយន្តកូរ៉េ ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 2A-4145 របស់ក្រុមហ៊ុន សារុំ ត្រេឌីង ដឹកកាកសំណល់រោងចក្រ បើកពីត្បូងទៅជើង ហើយកំពុងបត់ឆ្លងផ្លូវទៅលិច បណ្តាលឲ្យក្រឡាប់ចាក់សំរាមចោលពេញផ្លូវ សំណាងល្អមិនមានអ្នករងរបួស រីឯរថយន្តTRITON ខូចខាតខ្ទេចផ្នែកខាងមុខ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ហើយភាគីខាងរថយន្តចិនព្រមចេញសងថ្លៃជួសជុលឲ្យទៅខាងរថយន្តកូរ៉េចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖តាតុង សែនជ័យ

Share.