សៀមរាប ៖ លោកនេនមួយអង្គត្រូវបានអាជ្ញាធរ ការិយាល័យធម្មការ ឃាត់ខ្លួនផ្សឹក រួច ប្រគល់ឲ្យសមត្ថកិច្ច សង្ស័យធ្វើសកម្មភាពគាស់ទ្វារកុដ្ឋ ចូលលួចលុយព្រះគ្រូ ចៅអធិការ វត្ត អស់ជិត២ម៉ឺនដុល្លារ ។

ការចាប់ឃាត់ខ្លួនលោកនេន ធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅវត្ត អរញ្ញរង្សីហៅវត្តល្អក់ ស្ថិតនៅក្នុងភូមិល្អ ឃុំកណ្តែក ស្រុកបាសាទបាគង ខេត្តសៀមរាប ។

ជនសង្ស័យអតីតជាលោកនេន ឈ្មោះ តឹក សំណាង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិ ត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ចំណែកព្រះគ្រូចៅ អអិការវត្ត ជាជនរងគ្រោះ ព្រះនាម សមាចារោ គ្រួច លន់ ព្រះជន៦៧ព្រះវស្សា គង់នៅវត្ត ខាងលើ ។ លុយកាក់បាត់បង់ ៣០លានរៀល និង១២០០០ដុល្លារ ។

តាមការបំភ្លឺរបស់ចៅអធិការវត្តមានសង្ឃដីកាថា ៖ ជារៀងរាល់ថ្ងៃព្រះអង្គតែងតែយកលុយ ចំនួន៣០លានរៀលដែលជាលុយបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ្ធប្រគេនទុកសម្រាប់ព្យាបាលព្រះរោគ និងលុយចំនួន ១២ ០០០ដុល្លារ បូកចូលមានលុយខ្មែរផងដែលជា លុយបានមកពីការចូលរួមរបស់មហាជនជួយសាងសង់សាលាអនុវិទ្យាល័យអរញ្ញរង្សី ហើយលុយទាំងនោះព្រះអង្គបានដាក់ក្នុងថង់យាមហើយយកទៅទុកក្បាលគ្រែខាងកើតលោកសឹង និងបានយកខ្នើយគ្របជិត។ លុះនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គបានចេញពីបន្ទប់កុដ្ឋលើរួចចុះទៅក្រោមនិងបានឆាន់ចង្ហាន់ ពេលព្រឹកនៅសាលាឆាន់រួចនៅចាំទទួលចង្ហាន់នៅទីនោះមិនបានឡើងមកកុដ្ឋវិញទេ។ រហូតដល់ពេលឆាន់ថ្ងៃត្រង់រួចម៉ោងប្រហែល១១និង៤០នាទី ថ្ងៃដដែល ទើបព្រះអង្គឡើង លើកុដ្ឋវិញ ស្រាប់តែបាត់មេសោ ចូលទៅមើលកន្លែងទុកលុយស្រាប់តែបាត់អស់មិនឃើញ ឆោឡោនិងឃើញមេសោនិងដែកថ្នាំងអំពៅប្រវែងជិតមួយម៉ែត្រនៅមុខទ្វារឆៀងខាងត្បូង រាយការណ៍ប្តឹងទៅសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹង សមត្ថកិច្ចធ្វើការស្រាវជ្រាវ អស់ រយៈពេល២ថ្ងៃ រហូតមកដល់រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ផ្អែកលើសាក្សីបាន ឃើញហេតុការណ៍ សមត្ថកិច្ចកំណត់បានមុខសញ្ញា ឈានដល់ឃាត់ខ្លួនលោកនេន មួយអង្គខាងលើ ប្រគល់ជូនអាជ្ញាធរ ការិយាល័យធម្មការ ផ្សឹក ។ តែជនសង្ស័យបានបដិសេធ ថាខ្លួនមិនបានលួចលុយលោកគ្រូចៅអធិការវត្តឡើយ ក៏ប៉ុន្តែ សាក្សី ឃើញហេតុការណ៍មានច្រើននាក់ បានបញ្ជាក់ថា ជនសង្ស័យពិតជាលួច លុយចៅ អធិការវត្តមែន ។

ក្រោយការចាប់ផ្សឹកនោះ សមត្ថកិច្ចបាននាំជនសង្ស័យទៅសាកសួរនៅការិយាល័យ ជំនាញស្នងការដ្ឋានខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.